តើស្នេហារបស់គេទាំងពីរនឹងទៅជាយ៉ាងណា?

groups.fropki

បងកុំចាកចោលអូនអី………………. :’(

បានផ្សព្វផ្សាយ ក្នុង៖ on ខែ មិថុនា 24, 2009 at 4:55 ព្រឹក វិចារ (11)

មនុស្សកើតរោគចិត្ត !

មនុស្ស​យើង​បើ​ថា​ក្លាយខ្លួន​ទៅជា​ជន​បរាជ័យ​ហើយ​មើលទៅ​ឃើញ​ស្អី​ក៏​វា​ចេះតែ​រញ៉េរញ៉ៃ មិន​ត្រូវ​ចិត្ត​សោះ​។ ប៉ុន្មាន​ថ្ងៃមុន​នៅ​សុខៗ​មិន​ចង់ បែរ​ជា​ទៅលេង​ឆាត​ជាមួយ​មិត្ត​របស់​មិត្ត​ខ្ញុំ ដល់​លេង​ចុះ​លេង​ឡើង គេ​និយាយ​ថា​ឱ្យ​ខ្ញុំ​ដូច្នេះ ‹​មនុស្ស​កើតរោគ​ចិត្ត​›​។ យី ! ដល់​ចឹង​ទៅ​បែប​ក្ដៅ​ចុង​ច្រមុះ​ដែរ !

លុះ​ពេល​ដេក​យប់ ក៏​តាំង​យកសម្ដី​គេ​មក​ពិចារណា ចឹង​ទៅ ឃើញ​ថា​គេ​និយាយ​បែប​សម​ហេតុ​សម​ផល​ដែរ​។ ព្រោះ​ថា​ប៉ុន្មាន​ខែ​ហ្នឹង​ខ្ញុំ​ហាក់ដូចជា​មនុស្ស​មួយ​ផ្សេង ធ្វើ​ចរិត​ដូច​កូនក្មេង រាង​បែប​ឡប់ៗ ហេស ហេ ! សាលា​ក៏​មិន​ចូល​រៀន សៀវភៅ​ក៏​មិន​ខ្ចី​អាន កិច្ចការ​គ្រូ​ដាក់​ឱ្យ​ក៏​មិន​ខ្ចី​រវល់​ជាមួយ ភារកិច្ច​នៅ​កន្លែង​ធ្វើការ​ក៏​មិនសូវ​យកចិត្តទុកដាក់​…….​។

មើល​ទៅ​ត្រូវ​សុំ​ច្បាប់​ប៉ុន្មាន​ថ្ងៃ​ទៅ​ឱ្យ​គេ​ឆក់​ខ្សែភ្លើង​នៅ​មន្ទីរពេទ្យ​ព្រែក​ត្នោត​ហើយ​ទើប​បាន​មើលទៅ !

ហេស ហេ !!!

បានផ្សព្វផ្សាយ ក្នុង៖ on ខែ ឧសភា 18, 2009 at 2:30 ព្រឹក វិចារ (8)

ជើងកាងក្នុង Office

នៅកន្លែងធ្វើការ មានតែខ្ញុំទេដែលពាលគ្មានគូប្រៀប៕

បានផ្សព្វផ្សាយ ក្នុង៖ on ខែ មីនា 12, 2009 at 9:09 ព្រឹក វិចារ (15)

ធ្វើដូចម្ដេចទើបបាត់ត្អើក?

ប្រសិនបើលោកអ្នកត្អើកមិនព្រមបាត់សោះសូមសាកល្បងអនុវត្តដូចខាងក្រោម៖

  1. ដកដង្ហើមមួយៗ ហើយវែងៗ មួយសន្ទុះសិន
  2. ផឹកទឹក៩ (ប្រាំបួន) ក្អឹកជាប់ៗគ្នា មិនឱ្យលើស មិនឱ្យខ្វះ

ក្រោយពីអនុវត្តហើយ លោកអ្នកនឹងបាត់ត្អើកភ្លាមមួយរំពេច។

 

ប្រភពមកពីលោក សេង-វ៉ាន់ណារ៉ា

ប្រសិនបើលោកអ្នកមិនជឿរ៉េ សាកមើលសិនរ៉ូវ

បានផ្សព្វផ្សាយ ក្នុង៖ on ខែ កុម្ភៈ 11, 2009 at 4:45 ព្រឹក វិចារ (13)

ក្រុមខ្ញុំគឺអីចឹង !

កាល​នៅ​ជា​ទាហាន​ផឹកស្រា​ពេល​ល្ងាច​គឺជា​ទម្លាប់​យ៉ាង​សាមញ្ញ​ទៅហើយ​។ នា​ល្ងាច​មួយ​នោះ​…….​នែរ ! ល្ងាច​នេះ​អត់​មាន​លុយ​ទេ​វ៉ើយ ! បាន​ស្អី​ផឹក​ទៅ ? ​អ្ហែង​ទៅ​ខ្វល់​ស្អី ! ផឹកស្រាសតែម្ដងទៅ។ មើល៎ អ្ហែង​ទៅ​រក​ត្រី​រ៉ស់​ពីរ​បី​ក្បាល​មក​គ្រាន់​ក្លែម​។ អាសម្លាញ់​ខ្ញុំ​ល្ងាច​ហ្នុង​ស៊យណា​ស់ រក​បាន​ត្រី​រ៉ស់​បាន​តែ​មួយ​ក្បាល​គត់​។ ពួកយើងនាំគ្នាផឹកផ្ទាល់ដី គ្រាន់តែមានកន្ទេលកញ្ចាស់មួយទ្រាប់ពីក្រោមប៉ុណ្ណោះ។ ដល់​ម៉ោង​៩:០០​យប់​ក្រុម​ខ្ញុំ​ស្រវឹង​ស្រាស ជោគ​តែម្ដង គាប់​ជួន​អស់​ត្រីអាំង​ក៏​អស់ តែ​នៅសល់​ស្រា​។ អាសម្លាញ់​ខ្ញុំ​វា​ឱ្យយោបល់​ថា ជញ្ជប់​ក្បាល​ត្រី​លេងៗ​សិន​ទៅ​ទំ​រាំ​ស្រា​អស់ ! ថា​ហើយ​វា​ថែមទាំង​ហុច​ក្បាល​ត្រី​ចែក​គ្នាជ​ញ្ជប់​ម្នាក់ម្ដងៗ រហូតដល់​ម៉ោង​ដប់​យប់​ទើប​អស់​ស្រា​។ ក្រុម​ខ្ញុំ​នៅ​ដេក​កន្លែង​ផឹក​តែម្ដង ស្រវឹង​ឡើង​ដាច់​ស​សៃ​ខួរ លែង​ដឹង​ថា​មូស​ខាំ​ស្អី​អស់ហើយ ដេក​ដូច​ងាប់​អីចឹង​។ លុះ​ព្រឹក​ឡើង ! ម៉ែ ! ខ្ញុំ​ស្រែក​ឡើង​ភ្លា​ត់មាត់ ហើយ​ស្ទុះ​ទៅ​ទាត់​អាសម្លាញ់​ខ្ញុំ​មួយ​ជើង​។ អា​រំបល់យក៍ ! អ្ហែង​មើលទៅ ! អ្ហែង​យកស្អី​មក​ឱ្យ​ពួក​អញ​ជញ្ជប់​ហ្អា៎ ? របស់​ដែល​យើង​ជញ្ជប់​កាលពី​យប់​ម៉េញ​គឺ​សត្វ​គីង្គក់​ទេ មិនមែន​ក្បាល​ត្រី​ឯណា៎ ! អា​ប៉ុន្មាន​នាក់​ទៀត​ក៏​ភ្ញាក់​ដោយ​សារ​សម្លេង​ឡូឡា​របស់ខ្ញុំ​។ អា​ពីរ​នាក់​ទៀត​វា​សួរថា អ្ហែង​ច្រឡំ​ទេ​ដឹង​? មិនមែន​គីង្គក់​ហ្នឹង​ទេ​មើល​ទៅ​នោះ ! មិនមែន​យ៉ាង​ម៉េច ! ខ្ញុំ​តប​, ត្បិត​អី​អញ​ចាំបាន​ថា ក្បាល​ត្រី​អញ​កាច់​បោះ​ឱ្យ អា​ពពាល តាំងពី​មុន​យើង​ចាប់ផ្ដើម​ផឹក​ម្លេះ ! ពួក​យើង​ទាំង​បួន​នាក់​អស់សំណើច ហើយ​នាំគ្នា​មើល​ទៅ​សត្វ​គីង្គក់​នៅក្នុង​ចាន​ឡើង​កំប្រឹងៗ ព្រោះ​ថា​ត្រូវ​យើង​យក​មក​ជញ្ជប់​ឡើងស្ទីក។​

 

ពិតប្រឌិតផ្សំ

បានផ្សព្វផ្សាយ ក្នុង៖ on ខែ កុម្ភៈ 6, 2009 at 8:44 ព្រឹក វិចារ (6)

ឆ្កួតបីយ៉ាង

ព្រលឹង​បុរស​បី​នាក់​ក្រោយពី​បាន​ស្លាប់​ទៅ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ឋាននរក​។ បុរស​ទីមួយ​ជា​មនុស្ស​ល្មោភ​ស្រី បុរស​ទី​ពីរ​ជា​មនុស្ស​ឆ្កួត​នឹង​ស្រា ឯ​បុរស​ទី​បី​ជា​មនុស្ស​ឆ្កួត​នឹង​បារី​។ ក្រោយពី​ពិនិត្យ​សំណំ​ឯក​សារ​រួចមក លោក​យមរាជ​បាន​សម្រេច​ដូចតទៅ​ ៖

​បុរស​ទីមួយ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រី​ស្អាតៗ​

​បុរស​ទី​ពីរ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រា​ថ្លៃៗ​

​បុរស​ទី​បី ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ប្រភេទ​បារី​ថ្លៃៗ​

​មួយ​រយ​ឆ្នាំ​ក្រោយមក​បុរស​ទាំង​បី​ត្រូវ​បាន​យក​មក​សួរចម្លើយ​។ យមរាជ​ក៏​ផ្ដើម​សំនួរ ‹​យ៉ាងម៉េច​ហើយ​ពួក​ឯង​ទាំងបី​?› បុរស​ទីមួយ​ឆ្លើយ​ប្រាប់​យមរាជ​ថា ‹​ឱ​លោក​ម្ចាស់​……​ជាតិ​ក្រោយ​ខ្ញុំ​លែង​ល្មោភ​ស្រី​ទៀតហើយ​……..› យមរាជ​ក៏​បន្លឺ​សម្ដី ‹​យម​បាល ! យក​វា​ឱ្យទៅ​ចាប់​ជាតិ​ទៅ​›​។ បុរស​ទី​ពីរ ‹​ឱ​លោក​ម្ចាស់​…..​ជាតិ​ក្រោយ​ខ្ញុំ​លែង​ផឹក​ស្រា​ហើយ​…….› យមរាជ​ក៏​បញ្ជា​ឱ្យ​យក​ទៅ​ចាប់ជាតិ​ថ្មី​។ ដល់​វេន​បុរស​ទី​បី​គ្មាន​និយាយ​អ្វី​ទាំងអស់​គិតតែ​ពី​អង្គុយ​យំ ឃើញ​ដូច្នោះ​យមរាជ​ក៏​សួរ ‹​ម៉េច ? ឯង​រាងចាល លែង​ជក់បារី​ទៀត​ហើយ​មែន​ទេ​?› បុរស​ទី​បី​ក៏​តប ‹​លោក​ម្ចាស់​យក​ខ្ញុំ​ទៅ​ឃុំ​ក្នុង​បន្ទប់​ចំនួន​មួយ​រយ​ឆ្នាំ​ដែល​មាន​បារី​ល្អៗ តែ​លោក​ម្ចាស់​មិន​ដាក់​ដែកកេះ​ឬ​ឈើគូស​ឱ្យ​ខ្ញុំ​ផង តើ​ខ្ញុំ​ជក់​យ៉ាងម៉េច​កើត​ទៅ​?›​។ យមរាជ​៖ ‹​អើ​មែន ! អញ​ភ្លេច​ទៅ !› ៕​

 

មិនចាំប្រភពរឿង

បានផ្សព្វផ្សាយ ក្នុង៖ on ខែ កុម្ភៈ 5, 2009 at 6:44 ព្រឹក វិចារ (3)

រាត្រីស្ងប់ស្ងាត់

ម៉ោង​៩:០០​យប់​ទៅ​ហើយ​ខ្ញុំ​នៅ​អង្គុយ​បង្ហុយផ្សែង​លើ​ដំបូល​ផ្ទះ​ដែល​មាន​កៅអី​ផ្ដៅ​ទ្រាប់​ខ្នើយ​ចាស់​ក្អែល​កាន់​យ៉ាង​ក្រាស់ខ្មឹក​ពីក្រោម​។ មួ​យ​ដើម​ហើយ​មួយ​ដើម​ទៀត ដូចជា​មិន​ចង់​ឈប់​សោះ​…​។ តែ​ចង្រៃ​អី អា​អណ្ដាត​ខ្ញុំ​នេះ​មាន​មាន​ជំងឺ ជក់​ដូចជា​មិនសូវ​ឆ្ងាញ់​មាត់​ប៉ុន្មាន​ទេ ! វា​ឈឺ​ដោយសារតែ​ខ្ញុំ​ជក់​ច្រើនពេក​។ ចុះ​បើ​ដឹង​ថា​ជក់​ហើយ​ឈឺ​អីចឹង​ខំ​ជក់​យក​រំបល់​ស្អី​? មិត្ត​អ្នកអាន​ច្បាស់​ជា​មាន​សំនួរ​នេះ​ក្នុង​ចិត្ត​ហើយ​មែន​ទេ​? បើ​ដូច្នេះ​ខ្ញុំ​នឹង​សួរ​ទៅ​វិញ​ថា បើ​ដឹង​ថា​មាន​រូប​មាន​ទុក្ខ​ហើយ មនុស្ស​ខំ​បង្កើត​ឱ្យ​មាន​ជីវិត​មក​រក​រំបល់​ស្អី​ដែរ​? និយាយ​ដល់​ត្រឹមនេះ ហាក់ដូចជា​ខ្ញុំ​ជា​មនុស្ស​ពាល បន្តិច​ហើយ តែ​មិន​អី​ទេ ព្រោះ​ថា​ខ្ញុំ​ហ្នឹង​វា​ពាល​ស្រាប់​ទៅហើយ​។ គិត​ថា​អង្គុយ​ជក់​មើល​ព្រះ​ច័ន្ទ​បញ្ចេញ​ពន្លឺ​ឱ្យ​វា​អណ្ដែតអណ្ដូង​ដូច​ដូង​អណ្ដែត​ទឹក ដឹងអី អា​ហ្វូង​មូស​វា​មិន​ទុក​ឱ្យ​ខ្ញុំ​បាន​ស្រណុក​ឯណា វា​នាំគ្នា​មក​រោម​ខាំ​ខ្ញុំ​ដូច​ឃ្មុំ​បែក​សំបុក​អីចឹង​។ ក្ដៅ​ខ្លាំង​ពេក​លើកដៃ​ទះ​ផាំងៗ​លើ​សាច់​ខ្លួនឯង ត្រូវ​ពួក​វា​ឬ​មិន​ត្រូវ​ក៏​មិនដឹង​ដែរ​ព្រោះថា​មើល​មិនសូវ​ឃើញ​។ មក​ដល់​ត្រឹម​នេះ​ស្រាប់តែ​គិតថា យី​អញ ! ពួកវា​គ្រាន់តែ​មក​រក​ចំណី ឬ​ក៏​គ្រាន់តែ​ដើម្បី​ចិញ្ចឹម​ស៊ុត​ដែល​នៅក្នុង​ពោះ​វា​ទុក​បន្ត​ពូជ​ទេតើ ! ហេតុ​អី​អញ​ត្រូវ​សម្លាប់​ពួក​វា ! ហេស ហេស ! ឃើញ​ទេ គំនិត​ខ្ញុំ​ដូច​មនុស្ស​ដែល​ដើរ​សើច​តាម​ចិញ្ចើម​ផ្លូវ ឬក៏​អាច​និយាយបាន​ថា​ដូច​ក្រុម​មនុស្ស​នៅ​មន្ទីរពេទ្យ​ព្រែក​ត្នោត​អីចឹង​។ ចុង​ក្រោយ​កម្មវិធី​បណ្ដែត​មនោសញ្ចេតនា​ក៏​ត្រូវ​បាន​បញ្ជប់​ត្រឹមហ្នឹង​។ ខ្ញុំ​ក៏​សម្រេចចិត្ត​ចុះមក​ក្រោម​វិញ មើល​កម្មវិធី​ទូរទស្សន៍ Cartoon Network ព្រោះ​ថា​ដល់​ម៉ោង​រឿង​អា Stupid Dog របស់​ខ្ញុំ​ហើយ​៕

ការពិត​ខ្ញុំ​ចង់​សរសេរ​ឱ្យ​ច្រើនជាង​នេះ​បន្តិច​ដែរ
តែ​នឹកថា កុំឱ្យ​មិត្ត​អ្នកអាន​ជ្រិញ​នឹង​ការ​តម្អូញតម្អែរ
អីចឹង​ក៏​បញ្ឈប់​ត្រឹមហ្នឹង​តែម្ដងទៅ​។

បានផ្សព្វផ្សាយ ក្នុង៖ on ខែ កុម្ភៈ 3, 2009 at 1:17 ព្រឹក វិចារ (7)

ភ្លេចចំណងជើងបាត់ទៅហើយ !

យុវជន​បីនាក់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបូរី។ ពួកគេ​ត្រូវ​ស្នាក់នៅ​សណ្ឋាគារ​ដែលមាន​កំពស់​រហូតដល់​ទៅ១០០ជាន់ បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​គឺ​ស្ថិតនៅ​ជាន់​ទី១០០។ ថ្ងៃ​ទីមួយ​ពួកគេ​នាំគ្នា​ដើរលេង​កំសាន្ដ​រហូតដល់​ម៉ោង១១:០០យប់​ទើប​ត្រឡប់មកវិញ។ គាប់​ជួន​យប់នោះ​ជណ្ដើរយោង (Escalator) មិន​ដំណើរការ ដូច្នេះ​ពួកគេ​ត្រូវ​ឡើងជណ្ដើរ​ជើង។ ដើម្បី​កុំឱ្យ​ហត់​ពួកគេ​ក៏​ស្រុះស្រួល​គំនិត​គ្នា​ថា ម្នាក់​ត្រូវ​និយាយ​រឿង​កំប្លែង​មួយ​តាម​លេខ​រៀង។ ឡើង​បាន៣០ជាន់​ស្រាប់តែ​បុរស ‹ក› ​នឹកឃើញ​រឿង​មួយ ហើយ​និយាយថា អញ​មានរឿង​មួយ​ចង់​ប្រាប់! ពីរ​នាក់​ទៀត​និយាយថា ម៉េច​មិន​និយាយ​មក! គាត់​ថា ចាំ​ទៅដល់​មុខ​បន្ទប់​ចាំ​អញ​ប្រាប់ រួចហើយ​ពួកគេ​ក៏​ឡើង​រហូតដល់​ជាន់​ទី ១០០។ ឆាប់​និយាយ​រឿង​អ្ហែង​មក ! យុវជន ‹ខ› និង ‹គ› និយាយ​ព្រម​គ្នា។ អញ​ភ្លេច​សោរ​នៅ​កន្លែង​ទទួលភ្ញៀវ​បាត់​ហើយ ! គេ​និយាយ​ហើយ​សើច​ធ្វើ​គ្រ​ហ៊ាញ។ បុរស ‹ខ› និង ‹គ› ខឹង​ស្ទើរ​ឆេះ​សក់​ក្បាល។ ហើយ​ពួកគេ​ក៏​នាំគ្នា​ចុះមក​វិញ។ ចុះ​បាន៣០ជាន់ ស្រាប់តែ​បុរស ‹ខ› បន្លឺឡើង អញ​មានរឿង​មួយ​ចង់​ប្រាប់ ! បុរស ‹ក› និង ‹គ› ក៏​និយាយថា ម៉េច​មិន​និយាយ​មក! បុរស ‹ខ› និយាយថា ចាំ​ដល់​ក្រោម​ចាំ​អញ​ប្រាប់។ លុះ​ទៅដល់​ក្រោម ‹ក› និង ‹គ› ក៏៎​ស្រែកដាក់បុរស ‹ខ› ទាំងមួរម៉ៅ ឆាប់​និយាយ​រឿង​អ្ហែង​មក ! បុរស ‹ខ› សើច​ហើយ​និយាយថា កូនសោរ​បន្ទប់​គឺ​នៅក្នុង​ហោប៉ៅ​របស់​អញ​ទេ ! ‹ក› និង ‹គ› ក្ដៅ​ឆេវ។ ហើយ​ពួកគេ​ក៏​នាំគ្នា​ឡើង​ទៅលើ​វិញ។ ឡើង​បាន៣០ជាន់​បុរស ‹គ› និយាយថា អញ​មានរឿង​មួយ​ដែរ​ចង់​ប្រាប់ ! ‹ក› និង ‹ខ› ស្រែកថា មិនបាច់​និយាយ​ស្អី​ទេ ចាំ​ដល់​មុខ​បន្ទប់​តែម្ដងទៅ ! លុះ​ទៅដល់​មុខ​បន្ទប់ បុរស ‹គ› និយាយថា ការពិត​សណ្ឋាគារ​ដែល​យើង​កំពុង​ឡើងមក​នេះ មិនមែនជា​សណ្ឋាគា​រដែ​ល​យើង​ស្នាក់​នៅទេ ! សណ្ឋាគារ​ដែល​យើង​ស្នាក់នៅ​គឺ​នៅ​ទល់មុខ​នេះ​ឯង!

ទាំងបីនាក់ក៏សើចព្រមគ្នា ហាស៎ ហាស៎ ហាស៎ !!! ហេ ហេ ហេ !!! ហ៊ូ ហ៊ូ ហ៊ូ !!!

ចប់​ទៅ​ហោង


ប្រភព​រឿង​មកពី​កញ្ញា​វ៉ាន់​-​ណាវី​កាលពី​២​ឆ្នាំមុន​រឿង​ដើម​ជា​ភាសា​អង់គ្លេស ខ្ញុំ​ប្រែ​មក​ជា​ខ្មែរ​ដូច្នេះ​ក៏​ឆ្លៀត​ថែម​គ្រឿង​ខ្លះទៅ​ខុស​ត្រូវ​សូមកុំ​ប្រកាន់​៕

បានផ្សព្វផ្សាយ ក្នុង៖ on ខែ មករា 30, 2009 at 6:50 ព្រឹក វិចារ (9)

វាចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹង ?

ប៉ុន្មាន​សប្ដាហ៍​មុននេះ​វា​ចេះតែ​រសាប់រសល់​ក្នុង​ខ្លួន ឱ្យតែ​រំលង​អា​ធ្រា​ត​ចេះតែ​ភ្ញាក់​ពី​ដំណេក ហើយ​បើ​ថា​បាន​ភ្ញាក់​អីចឹង​ហើយ ចង់​ដេក​លើ​គ្រែ​មកពី​ឋាន​ព្រះឥន្ទ្រ​ទៀត​ក៏​វា​ដេកមិន​លក់​ដែរ។ ក្នុង​ក្បាល​ខ្ញុំ​ហ្នឹង​វា​ហាក់ដូច​ជាមាន មនុស្ស​ពីរ​នាក់​ជជែក​ពិភាក្សាគ្នា​អីចឹង។ អា​មួយ​វា​ឱ្យយោបល់​អីចេះ អា​មួយទៀត​វា​ថា​ធ្វើ​អីចឹង​មិនត្រូវ​ទេ ធ្វើ​អីចេះ​វិញ​បាន​ត្រូវ។ អស់ពី​កិច្ចពិភាក្សា​របស់​អា​ពីរ​នាក់​ហ្នឹង ក៏​នឹកឃើញ​រឿង​កំសត់​ទុ​រគ​ត៌​អត់​បានការ អីចេះ​មួយ អី​ចោះ​មួយ។ ចេះតែ​ខំ​តាំងចិត្ត​ថា​មិនត្រូវ​គិត​ស្អី​ទេ គិតតែ​រឿង​នៅ​ចំពោះមុខ​បាន​ហើយ ចាំបាច់​គិត​វែងឆ្ងាយ​ដល់​ឋាន​ព្រះឥន្ទ្រ​ធ្វើ​ស្អី ! ទីបំផុត​ឥតប្រយោជន៍​ដដែល។ ដល់​ចឹ​ង​ទៅ ទំរាំ​ដេកលក់​វិញ​ត្រូវ​ខាត អស់​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង លុះ​ព្រឹក​ឡើង​តាំង​ទៅធ្វើ​ការ​ទាំង​មួរ​ម៉ៅ។

សំណាង​ដែរ ដែល​ពេទ្យ​នៅ​ខេត្ត​ខ្ញុំ​ពូកែរ ចេះ​វិនិច្ឆ័យ​រោគ​ខ្ញុំ​ត្រូវ ហើយ​ដាក់​ថ្នាំចំៗតែម្ដង ធ្វើឱ្យ​ដេក ដូចជា​ជ្រូក រួច​ភ្ញាក់ឡើង​អារម្មណ៍ល្អ​ធម្មតា កុំ​អី​ទាល់តែ​ប​ញ្ជួ​ន​ទៅ​ព្រែក​ត្នោត​ឱ្យគេ​ឆក់​ខ្សែភ្លើងពីរ​បី​ឆា​ច់ បាន​បាត់​មើលទៅ៕

បានផ្សព្វផ្សាយ ក្នុង៖ on ខែ មករា 26, 2009 at 9:58 ព្រឹក វិចារ (13)

ហេតុអី ???????????????????????

រាល់លើកឱ្យតែខ្ញុំលេងរ៉េម គេចាប់រូបភាពបានរហូត។ តែម្ដងនេះមិនមែនតែខ្ញុំរ៉េ គឺនៅមានដៃជើងខ្ញុំពីរនាក់ទៀត។ ព្រោះថាលើកនេះលេងជាក្រុម (Multiple player on LAN)

បានផ្សព្វផ្សាយ ក្នុង៖ on ខែ មករា 16, 2009 at 7:34 ព្រឹក វិចារ (5)