ធ្វើដូចម្ដេចទើបបាត់ត្អើក?
ប្រសិនបើលោកអ្នកត្អើកមិនព្រមបាត់សោះសូមសាកល្បងអនុវត្តដូចខាងក្រោម៖
- ដកដង្ហើមមួយៗ ហើយវែងៗ មួយសន្ទុះសិន
- ផឹកទឹក៩ (ប្រាំបួន) ក្អឹកជាប់ៗគ្នា មិនឱ្យលើស មិនឱ្យខ្វះ
ក្រោយពីអនុវត្តហើយ លោកអ្នកនឹងបាត់ត្អើកភ្លាមមួយរំពេច។
ប្រភពមកពីលោក សេង-វ៉ាន់ណារ៉ា
ប្រសិនបើលោកអ្នកមិនជឿរ៉េ សាកមើលសិនរ៉ូវ
ក្រុមខ្ញុំគឺអីចឹង !
កាលនៅជាទាហានផឹកស្រាពេលល្ងាចគឺជាទម្លាប់យ៉ាងសាមញ្ញទៅហើយ។ នាល្ងាចមួយនោះ…….នែរ ! ល្ងាចនេះអត់មានលុយទេវ៉ើយ ! បានស្អីផឹកទៅ ? អ្ហែងទៅខ្វល់ស្អី ! ផឹកស្រាសតែម្ដងទៅ។ មើល៎ អ្ហែងទៅរកត្រីរ៉ស់ពីរបីក្បាលមកគ្រាន់ក្លែម។ អាសម្លាញ់ខ្ញុំល្ងាចហ្នុងស៊យណាស់ រកបានត្រីរ៉ស់បានតែមួយក្បាលគត់។ ពួកយើងនាំគ្នាផឹកផ្ទាល់ដី គ្រាន់តែមានកន្ទេលកញ្ចាស់មួយទ្រាប់ពីក្រោមប៉ុណ្ណោះ។ ដល់ម៉ោង៩:០០យប់ក្រុមខ្ញុំស្រវឹងស្រាស ជោគតែម្ដង គាប់ជួនអស់ត្រីអាំងក៏អស់ តែនៅសល់ស្រា។ អាសម្លាញ់ខ្ញុំវាឱ្យយោបល់ថា ជញ្ជប់ក្បាលត្រីលេងៗសិនទៅទំរាំស្រាអស់ ! ថាហើយវាថែមទាំងហុចក្បាលត្រីចែកគ្នាជញ្ជប់ម្នាក់ម្ដងៗ រហូតដល់ម៉ោងដប់យប់ទើបអស់ស្រា។ ក្រុមខ្ញុំនៅដេកកន្លែងផឹកតែម្ដង ស្រវឹងឡើងដាច់សសៃខួរ លែងដឹងថាមូសខាំស្អីអស់ហើយ ដេកដូចងាប់អីចឹង។ លុះព្រឹកឡើង ! ម៉ែ ! ខ្ញុំស្រែកឡើងភ្លាត់មាត់ ហើយស្ទុះទៅទាត់អាសម្លាញ់ខ្ញុំមួយជើង។ អារំបល់យក៍ ! អ្ហែងមើលទៅ ! អ្ហែងយកស្អីមកឱ្យពួកអញជញ្ជប់ហ្អា៎ ? របស់ដែលយើងជញ្ជប់កាលពីយប់ម៉េញគឺសត្វគីង្គក់ទេ មិនមែនក្បាលត្រីឯណា៎ ! អាប៉ុន្មាននាក់ទៀតក៏ភ្ញាក់ដោយសារសម្លេងឡូឡារបស់ខ្ញុំ។ អាពីរនាក់ទៀតវាសួរថា អ្ហែងច្រឡំទេដឹង? មិនមែនគីង្គក់ហ្នឹងទេមើលទៅនោះ ! មិនមែនយ៉ាងម៉េច ! ខ្ញុំតប, ត្បិតអីអញចាំបានថា ក្បាលត្រីអញកាច់បោះឱ្យ អាពពាល តាំងពីមុនយើងចាប់ផ្ដើមផឹកម្លេះ ! ពួកយើងទាំងបួននាក់អស់សំណើច ហើយនាំគ្នាមើលទៅសត្វគីង្គក់នៅក្នុងចានឡើងកំប្រឹងៗ ព្រោះថាត្រូវយើងយកមកជញ្ជប់ឡើងស្ទីក។
ពិតប្រឌិតផ្សំ
ឆ្កួតបីយ៉ាង
ព្រលឹងបុរសបីនាក់ក្រោយពីបានស្លាប់ទៅក៏ត្រូវបានបញ្ជូនទៅឋាននរក។ បុរសទីមួយជាមនុស្សល្មោភស្រី បុរសទីពីរជាមនុស្សឆ្កួតនឹងស្រា ឯបុរសទីបីជាមនុស្សឆ្កួតនឹងបារី។ ក្រោយពីពិនិត្យសំណំឯកសាររួចមក លោកយមរាជបានសម្រេចដូចតទៅ ៖
បុរសទីមួយ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រីស្អាតៗ
បុរសទីពីរ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រាថ្លៃៗ
បុរសទីបី ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែប្រភេទបារីថ្លៃៗ
មួយរយឆ្នាំក្រោយមកបុរសទាំងបីត្រូវបានយកមកសួរចម្លើយ។ យមរាជក៏ផ្ដើមសំនួរ ‹យ៉ាងម៉េចហើយពួកឯងទាំងបី?› បុរសទីមួយឆ្លើយប្រាប់យមរាជថា ‹ឱលោកម្ចាស់……ជាតិក្រោយខ្ញុំលែងល្មោភស្រីទៀតហើយ……..› យមរាជក៏បន្លឺសម្ដី ‹យមបាល ! យកវាឱ្យទៅចាប់ជាតិទៅ›។ បុរសទីពីរ ‹ឱលោកម្ចាស់…..ជាតិក្រោយខ្ញុំលែងផឹកស្រាហើយ…….› យមរាជក៏បញ្ជាឱ្យយកទៅចាប់ជាតិថ្មី។ ដល់វេនបុរសទីបីគ្មាននិយាយអ្វីទាំងអស់គិតតែពីអង្គុយយំ ឃើញដូច្នោះយមរាជក៏សួរ ‹ម៉េច ? ឯងរាងចាល លែងជក់បារីទៀតហើយមែនទេ?› បុរសទីបីក៏តប ‹លោកម្ចាស់យកខ្ញុំទៅឃុំក្នុងបន្ទប់ចំនួនមួយរយឆ្នាំដែលមានបារីល្អៗ តែលោកម្ចាស់មិនដាក់ដែកកេះឬឈើគូសឱ្យខ្ញុំផង តើខ្ញុំជក់យ៉ាងម៉េចកើតទៅ?›។ យមរាជ៖ ‹អើមែន ! អញភ្លេចទៅ !› ៕
មិនចាំប្រភពរឿង
រាត្រីស្ងប់ស្ងាត់
ម៉ោង៩:០០យប់ទៅហើយខ្ញុំនៅអង្គុយបង្ហុយផ្សែងលើដំបូលផ្ទះដែលមានកៅអីផ្ដៅទ្រាប់ខ្នើយចាស់ក្អែលកាន់យ៉ាងក្រាស់ខ្មឹកពីក្រោម។ មួយដើមហើយមួយដើមទៀត ដូចជាមិនចង់ឈប់សោះ…។ តែចង្រៃអី អាអណ្ដាតខ្ញុំនេះមានមានជំងឺ ជក់ដូចជាមិនសូវឆ្ងាញ់មាត់ប៉ុន្មានទេ ! វាឈឺដោយសារតែខ្ញុំជក់ច្រើនពេក។ ចុះបើដឹងថាជក់ហើយឈឺអីចឹងខំជក់យករំបល់ស្អី? មិត្តអ្នកអានច្បាស់ជាមានសំនួរនេះក្នុងចិត្តហើយមែនទេ? បើដូច្នេះខ្ញុំនឹងសួរទៅវិញថា បើដឹងថាមានរូបមានទុក្ខហើយ មនុស្សខំបង្កើតឱ្យមានជីវិតមករករំបល់ស្អីដែរ? និយាយដល់ត្រឹមនេះ ហាក់ដូចជាខ្ញុំជាមនុស្សពាល បន្តិចហើយ តែមិនអីទេ ព្រោះថាខ្ញុំហ្នឹងវាពាលស្រាប់ទៅហើយ។ គិតថាអង្គុយជក់មើលព្រះច័ន្ទបញ្ចេញពន្លឺឱ្យវាអណ្ដែតអណ្ដូងដូចដូងអណ្ដែតទឹក ដឹងអី អាហ្វូងមូសវាមិនទុកឱ្យខ្ញុំបានស្រណុកឯណា វានាំគ្នាមករោមខាំខ្ញុំដូចឃ្មុំបែកសំបុកអីចឹង។ ក្ដៅខ្លាំងពេកលើកដៃទះផាំងៗលើសាច់ខ្លួនឯង ត្រូវពួកវាឬមិនត្រូវក៏មិនដឹងដែរព្រោះថាមើលមិនសូវឃើញ។ មកដល់ត្រឹមនេះស្រាប់តែគិតថា យីអញ ! ពួកវាគ្រាន់តែមករកចំណី ឬក៏គ្រាន់តែដើម្បីចិញ្ចឹមស៊ុតដែលនៅក្នុងពោះវាទុកបន្តពូជទេតើ ! ហេតុអីអញត្រូវសម្លាប់ពួកវា ! ហេស ហេស ! ឃើញទេ គំនិតខ្ញុំដូចមនុស្សដែលដើរសើចតាមចិញ្ចើមផ្លូវ ឬក៏អាចនិយាយបានថាដូចក្រុមមនុស្សនៅមន្ទីរពេទ្យព្រែកត្នោតអីចឹង។ ចុងក្រោយកម្មវិធីបណ្ដែតមនោសញ្ចេតនាក៏ត្រូវបានបញ្ជប់ត្រឹមហ្នឹង។ ខ្ញុំក៏សម្រេចចិត្តចុះមកក្រោមវិញ មើលកម្មវិធីទូរទស្សន៍ Cartoon Network ព្រោះថាដល់ម៉ោងរឿងអា Stupid Dog របស់ខ្ញុំហើយ៕
ការពិតខ្ញុំចង់សរសេរឱ្យច្រើនជាងនេះបន្តិចដែរ
តែនឹកថា កុំឱ្យមិត្តអ្នកអានជ្រិញនឹងការតម្អូញតម្អែរ
អីចឹងក៏បញ្ឈប់ត្រឹមហ្នឹងតែម្ដងទៅ។