ហាមយកគ្រឿងផ្ទុះចូល
ពួកទាហានជើងចាស់មួយក្រុមមានគ្នាប្រាំមួយនាក់នាំគ្នាចូលហាងផឹកស៊ីនៅទីក្រុងភ្នំពេញ។ ពេលទៅដល់ច្រកចូល…
អ្នកយាម៖ សុំទោសបង ! ក្នុងភោជនីយដ្ឋាននេះគេមិនឱ្យយកអាវុធជាតិផ្ទុះចូលទេបង។
មេក្រុម៖ យីប្អូនប្រុស ក្រុមខ្ញុំនេះមិនដែលឱ្យកាំភ្លើងឃ្លាតពីខ្លួនមួយវិនាទីណាទេ។
អ្នកយាម៖ អីចេះទៅចុះ ! បងអាចយកចូលទៅបាន តែបងត្រូវទុកគ្រាប់វាទាំងអស់នៅទីនេះ។ បងយកតែកាំភ្លើងចូលទៅបានហើយ។
មេក្រុម៖ អើ ! មើល៎ពួកអ្ហែង ! ដោះបង់គ្រាប់ចេញមក ហើយប្រមូលយកឱ្យប្អូនខាងណេះទុកទៅ !
កូនចៅ៖ បាទលោកនាយ !!!!
រួចរាល់គេក៏នាំគ្នាដើរចូលទៅ។ ស្រាប់តែពេលនោះនៅសល់កូនទាហានមួយនៅអេះអុញៗមិនព្រមចូល។ ឃើញដូច្នេះមេក្រុមស្រែកឱ្យ។
មេក្រុម៖ អ្ហែងនៅចាំស្អីទៀតម៉េចមិនចូលមក៎ !
កូនទាហាន៖ បាទលោកនាយ ! ខ្ញុំនៅសល់គ្រាប់បែកមួយគ្រាប់ទៀត ចាំខ្ញុំដោះយកគន្លឺះវាសិន ហើយទុកឱ្យបងសន្តិសុខគាត់ជួយទុកឱ្យ។
ថាហើយគាត់ដកគន្លឺះគ្រាប់បែកចេញ ហើយហុចឱ្យសន្តិសុខកាន់ រួចផ្ដាំ៖ ‹ខ្ញុំយកតែគន្លឺះវាចូលទេ ឯគ្រាប់បែកបងឯងជួយទុកឱ្យខ្ញុំផងណា៎ ! កាន់ឱ្យជាប់ កុំលែងដៃឱ្យសោះ ពេលចេញមកវិញចាំខ្ញុំយក›៕
តើរឿងភ្នំប្រុស ភ្នំស្រី របស់ចាស់ៗពិតឬក្លែងក្លាយ?
បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។
តើហេតុអ្វីក៏ភ្នំប្រុសទាបជាងភ្នំស្រី? នេះជារឿងមួយដែលគួរឱ្យងឿងឆ្ងល់ពន់ពេកប្រមាណ។
រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖
កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម្ល៉ោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។
លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា ‹ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ›
ថ្លែងអំពីពួកប្រុសៗវិញម្ដង ក្រោយពីអង្គុយផឹកស្រាក្លែមគឺង្គក់ ល្មមធ្លាក់ភ្នែករួចមក ម្នាក់ក្នុងចំណោមនោះមានយោបល់ថា ‹ពួកឯងជួយគិតអញមើល៎ ! សព្វថ្ងៃពួកយើងមានការលំបាកខ្លាំងណាស់អារឿងរៀបអាពាហ៍ពិពាហ៍› ‹ស្អី ! អាពាហ៍ពិពាហ៍ អារំបល់កាច់អី ! និយាយថា រៀបការៗទៅ !› , ម្នាក់ក្នុងចំណោមគ្នាគេស្រែកឱ្យ។ ‹យី ! អានេះ ! រកតែអញថ្លែងយោបល់ឱ្យចប់មិនទាន់ ! មកកាត់កណ្ដាលទី ! ធ្វើឱ្យស្ទះអាចមន៍តែម្ដង !› ម្ចាស់គំនិតដើមខឹង។ ‹ណ្ហើយ ! កំរំខានវា ! ឱ្យវានិយាយចប់សិនចុះ !›, ម្នាក់ទៀតនិយាយ។ រួចម្ចាស់គំនិតដើមក៏បន្ត ‹គឺថាយើងត្រូវរង់ចាំស្រីៗគេចូល បើត្រូវចិត្តគេមកដណ្ដឹង។ ធ្វើបែបនេះស្រីៗមានប្រៀបលើយើងណាស់ ! ប្រុសៗណាដែលឃ្លានចង់បានប្រពន្ធបែរជាអង្គុយចាំគេដូចសំណាបរង់ចាំទឹកភ្លៀង។ ធ្វើបែបនេះមិនសមសោះ !› ។ រំពេចនោះក៏មានអាក្លើគេម្នាក់ក្នុងចំណោមនោះបញ្ចេញយោបល់ ‹អើ ! គំនិតបានត្រឹមតែគំនិតតែប៉ុណ្ណោះ ! តើពួកយើងអាចធ្វើស្អីបាន ! អ្ហែងចង់កែរប្រែទម្លាប់ពីដូនតាឬ អាសំគិះ!› ។ ដោយឃើញថាយប់ជ្រៅទៅហើយ ពួកគេក៏បំបែកគ្នាទៅរកកន្លែងនិន្ទ្រារៀងៗខ្លួន។ លុះស្អែកឡើងស្រាប់តែមានការប្រកាសពីរឿងពូនភ្នំ ដែលជាគំនិតស្រីៗ។ ឮដូចនេះ ពួកប្រុសៗត្រេកអរណាស់ ហើយក៏ជំនំគ្នានៅល្ងាចថ្ងៃបន្ទាប់ដោយមានការផឹកស្រាក្លែមគីង្គក់ដូចសព្វមួយដង។
‹នែរ ! ឱកាស មាស ពួកយើងមកដល់ហើយ !› ម្នាក់ក្នុងចំណោមក្រុមធ្លាក់ភ្នែកស្រែកទាំងត្រេកអរ។ រំពេចនេះ ម្នាក់ទៀតមានយោបល់ ‹អញថា គួររក្សារភាពស្ងប់ស្ងៀម មិនត្រូវឱ្យស្រីៗដឹងថាពួកយើងក៏មានគំនិតស្របនឹងអ្វីដែលគេចង់បានដែរ។ គឺយើងត្រូវធ្វើជាដូចមិនដឹងរឿងអ្វីទាំងអស់ ធ្វើបែបនេះកុំឱ្យស្រីៗគេចាប់អារម្មណ៍ ពុំនោះសោត យើងបាត់បង់ឱកាសនេះហើយ។ ស្រីៗគេមិនដឹងថាអ្នកចូលដណ្ដឹងគឺជាអ្នកមានប្រៀបទេ ! ដូច្នេះអញហាមពួកឯងទាំងអស់គ្នាផ្ដាច់ ថា ពេលពូនភ្នំ អាណា ហ៊ានធ្វើការពេញកម្លាំងគឺដេញក្បាលចេញពីក្រុមប្រុសៗ។›
។ លុះគិតដូចេះ្នហើយ ក៏ព្រមចុះខសន្យាជាមួយស្រីៗភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ ខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា ‹យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ។› ។គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។
ពេលនោះជាពេលរាត្រី ពួកស្រីៗខំជញ្ជួនដីខ្លាំងណាស់ព្រោះចង់ឈ្នះ រីឯពួកប្រុសៗវិញធ្វើការតែប៉ុន្មាននាក់ប៉ុណ្ណោះ ឯអ្នកផ្សេងអង្គុយផឹកស្រា ផឹកទឹកត្នោតជូរក្លែមអំពិលខ្ចី អ្នកជញ្ជូនដីវិញជញ្ជូនបានបន្តិច ក៏ឈប់ហើយនាំគ្នាមូរបារីជក់ ពេលបែបហត់បន្តិច ក៏ទៅអង្គុយផឹក ហើយក្រុមផឹកមកជំនួសម្ដង កុំឱ្យថាមិនធ្វើសោះ ខ្លាចស្រីៗដឹងថាខ្លួនចង់ចាញ់។
លុះធ្វើបានយប់ជ្រៅបន្តិច ពួកស្រីៗក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឥសានភ្នំ។ ភ្លាមនោះពួកប្រុសៗក៏ប្រាប់គ្នាគេថា ‹នែរ ពួកអាដែង ! ស្រីៗបង្ហោះគោមក្លែងធ្វើជាផ្កាយព្រឹកហើយវ៉ើយ !› ។ ម្នាក់ទៀតក៏សើចហើយបន្ថែម ‹យី ! ធ្វើមើលតែពួកយើងហ្នឹងល្ងង់ណាស់អីចឹង ! បើអីចឹងទៅហើយ យើងនាំគ្នាធ្វើពុតជាថាផ្កាយព្រឹករះមែនទែនទៅ ! ហើយចុះពួកយើងនៅចាំស្អីទៀត ម្ដេចមិននាំគ្នាទៅដេកតែម្ដងទៅ !› ។ ថាហើយពួកគេនាំគ្នាដេកអស់ទៅ។
ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏ធ្វើពុត ជាលាន់មាត់ថា ‹យើងទាំងអស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ! › ហើយនាំគ្នាក្រេឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏ក្លែង ធ្វើជាមានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថៃ្ងនេះ៕
ឃើញទេ ! នេះទើបជាអាថ៌កំបាំងពិតស្ថិតនៅពីក្រោយ។ ចាស់ៗបោកសុទ្ធ !
ញុំនិយាយលេងទេ ! តិចយករឿងញុំទៅផ្សាយថាជាការពិតជាប់ខ្នោះញុំបណ្ដោយ !
ហិក ហិក ហិក !!!
ក្រុមខ្ញុំគឺអីចឹង !
កាលនៅជាទាហានផឹកស្រាពេលល្ងាចគឺជាទម្លាប់យ៉ាងសាមញ្ញទៅហើយ។ នាល្ងាចមួយនោះ…….នែរ ! ល្ងាចនេះអត់មានលុយទេវ៉ើយ ! បានស្អីផឹកទៅ ? អ្ហែងទៅខ្វល់ស្អី ! ផឹកស្រាសតែម្ដងទៅ។ មើល៎ អ្ហែងទៅរកត្រីរ៉ស់ពីរបីក្បាលមកគ្រាន់ក្លែម។ អាសម្លាញ់ខ្ញុំល្ងាចហ្នុងស៊យណាស់ រកបានត្រីរ៉ស់បានតែមួយក្បាលគត់។ ពួកយើងនាំគ្នាផឹកផ្ទាល់ដី គ្រាន់តែមានកន្ទេលកញ្ចាស់មួយទ្រាប់ពីក្រោមប៉ុណ្ណោះ។ ដល់ម៉ោង៩:០០យប់ក្រុមខ្ញុំស្រវឹងស្រាស ជោគតែម្ដង គាប់ជួនអស់ត្រីអាំងក៏អស់ តែនៅសល់ស្រា។ អាសម្លាញ់ខ្ញុំវាឱ្យយោបល់ថា ជញ្ជប់ក្បាលត្រីលេងៗសិនទៅទំរាំស្រាអស់ ! ថាហើយវាថែមទាំងហុចក្បាលត្រីចែកគ្នាជញ្ជប់ម្នាក់ម្ដងៗ រហូតដល់ម៉ោងដប់យប់ទើបអស់ស្រា។ ក្រុមខ្ញុំនៅដេកកន្លែងផឹកតែម្ដង ស្រវឹងឡើងដាច់សសៃខួរ លែងដឹងថាមូសខាំស្អីអស់ហើយ ដេកដូចងាប់អីចឹង។ លុះព្រឹកឡើង ! ម៉ែ ! ខ្ញុំស្រែកឡើងភ្លាត់មាត់ ហើយស្ទុះទៅទាត់អាសម្លាញ់ខ្ញុំមួយជើង។ អារំបល់យក៍ ! អ្ហែងមើលទៅ ! អ្ហែងយកស្អីមកឱ្យពួកអញជញ្ជប់ហ្អា៎ ? របស់ដែលយើងជញ្ជប់កាលពីយប់ម៉េញគឺសត្វគីង្គក់ទេ មិនមែនក្បាលត្រីឯណា៎ ! អាប៉ុន្មាននាក់ទៀតក៏ភ្ញាក់ដោយសារសម្លេងឡូឡារបស់ខ្ញុំ។ អាពីរនាក់ទៀតវាសួរថា អ្ហែងច្រឡំទេដឹង? មិនមែនគីង្គក់ហ្នឹងទេមើលទៅនោះ ! មិនមែនយ៉ាងម៉េច ! ខ្ញុំតប, ត្បិតអីអញចាំបានថា ក្បាលត្រីអញកាច់បោះឱ្យ អាពពាល តាំងពីមុនយើងចាប់ផ្ដើមផឹកម្លេះ ! ពួកយើងទាំងបួននាក់អស់សំណើច ហើយនាំគ្នាមើលទៅសត្វគីង្គក់នៅក្នុងចានឡើងកំប្រឹងៗ ព្រោះថាត្រូវយើងយកមកជញ្ជប់ឡើងស្ទីក។
ពិតប្រឌិតផ្សំ
ឆ្កួតបីយ៉ាង
ព្រលឹងបុរសបីនាក់ក្រោយពីបានស្លាប់ទៅក៏ត្រូវបានបញ្ជូនទៅឋាននរក។ បុរសទីមួយជាមនុស្សល្មោភស្រី បុរសទីពីរជាមនុស្សឆ្កួតនឹងស្រា ឯបុរសទីបីជាមនុស្សឆ្កួតនឹងបារី។ ក្រោយពីពិនិត្យសំណំឯកសាររួចមក លោកយមរាជបានសម្រេចដូចតទៅ ៖
បុរសទីមួយ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រីស្អាតៗ
បុរសទីពីរ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រាថ្លៃៗ
បុរសទីបី ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែប្រភេទបារីថ្លៃៗ
មួយរយឆ្នាំក្រោយមកបុរសទាំងបីត្រូវបានយកមកសួរចម្លើយ។ យមរាជក៏ផ្ដើមសំនួរ ‹យ៉ាងម៉េចហើយពួកឯងទាំងបី?› បុរសទីមួយឆ្លើយប្រាប់យមរាជថា ‹ឱលោកម្ចាស់……ជាតិក្រោយខ្ញុំលែងល្មោភស្រីទៀតហើយ……..› យមរាជក៏បន្លឺសម្ដី ‹យមបាល ! យកវាឱ្យទៅចាប់ជាតិទៅ›។ បុរសទីពីរ ‹ឱលោកម្ចាស់…..ជាតិក្រោយខ្ញុំលែងផឹកស្រាហើយ…….› យមរាជក៏បញ្ជាឱ្យយកទៅចាប់ជាតិថ្មី។ ដល់វេនបុរសទីបីគ្មាននិយាយអ្វីទាំងអស់គិតតែពីអង្គុយយំ ឃើញដូច្នោះយមរាជក៏សួរ ‹ម៉េច ? ឯងរាងចាល លែងជក់បារីទៀតហើយមែនទេ?› បុរសទីបីក៏តប ‹លោកម្ចាស់យកខ្ញុំទៅឃុំក្នុងបន្ទប់ចំនួនមួយរយឆ្នាំដែលមានបារីល្អៗ តែលោកម្ចាស់មិនដាក់ដែកកេះឬឈើគូសឱ្យខ្ញុំផង តើខ្ញុំជក់យ៉ាងម៉េចកើតទៅ?›។ យមរាជ៖ ‹អើមែន ! អញភ្លេចទៅ !› ៕
មិនចាំប្រភពរឿង
ភ្លេចចំណងជើងបាត់ទៅហើយ !
យុវជនបីនាក់ទៅទស្សនកិច្ចនៅប្រទេសសិង្ហបូរី។ ពួកគេត្រូវស្នាក់នៅសណ្ឋាគារដែលមានកំពស់រហូតដល់ទៅ១០០ជាន់ បន្ទប់ស្នាក់នៅរបស់ពួកគេគឺស្ថិតនៅជាន់ទី១០០។ ថ្ងៃទីមួយពួកគេនាំគ្នាដើរលេងកំសាន្ដរហូតដល់ម៉ោង១១:០០យប់ទើបត្រឡប់មកវិញ។ គាប់ជួនយប់នោះជណ្ដើរយោង (Escalator) មិនដំណើរការ ដូច្នេះពួកគេត្រូវឡើងជណ្ដើរជើង។ ដើម្បីកុំឱ្យហត់ពួកគេក៏ស្រុះស្រួលគំនិតគ្នាថា ម្នាក់ត្រូវនិយាយរឿងកំប្លែងមួយតាមលេខរៀង។ ឡើងបាន៣០ជាន់ស្រាប់តែបុរស ‹ក› នឹកឃើញរឿងមួយ ហើយនិយាយថា អញមានរឿងមួយចង់ប្រាប់! ពីរនាក់ទៀតនិយាយថា ម៉េចមិននិយាយមក! គាត់ថា ចាំទៅដល់មុខបន្ទប់ចាំអញប្រាប់ រួចហើយពួកគេក៏ឡើងរហូតដល់ជាន់ទី ១០០។ ឆាប់និយាយរឿងអ្ហែងមក ! យុវជន ‹ខ› និង ‹គ› និយាយព្រមគ្នា។ អញភ្លេចសោរនៅកន្លែងទទួលភ្ញៀវបាត់ហើយ ! គេនិយាយហើយសើចធ្វើគ្រហ៊ាញ។ បុរស ‹ខ› និង ‹គ› ខឹងស្ទើរឆេះសក់ក្បាល។ ហើយពួកគេក៏នាំគ្នាចុះមកវិញ។ ចុះបាន៣០ជាន់ ស្រាប់តែបុរស ‹ខ› បន្លឺឡើង អញមានរឿងមួយចង់ប្រាប់ ! បុរស ‹ក› និង ‹គ› ក៏និយាយថា ម៉េចមិននិយាយមក! បុរស ‹ខ› និយាយថា ចាំដល់ក្រោមចាំអញប្រាប់។ លុះទៅដល់ក្រោម ‹ក› និង ‹គ› ក៏៎ស្រែកដាក់បុរស ‹ខ› ទាំងមួរម៉ៅ ឆាប់និយាយរឿងអ្ហែងមក ! បុរស ‹ខ› សើចហើយនិយាយថា កូនសោរបន្ទប់គឺនៅក្នុងហោប៉ៅរបស់អញទេ ! ‹ក› និង ‹គ› ក្ដៅឆេវ។ ហើយពួកគេក៏នាំគ្នាឡើងទៅលើវិញ។ ឡើងបាន៣០ជាន់បុរស ‹គ› និយាយថា អញមានរឿងមួយដែរចង់ប្រាប់ ! ‹ក› និង ‹ខ› ស្រែកថា មិនបាច់និយាយស្អីទេ ចាំដល់មុខបន្ទប់តែម្ដងទៅ ! លុះទៅដល់មុខបន្ទប់ បុរស ‹គ› និយាយថា ការពិតសណ្ឋាគារដែលយើងកំពុងឡើងមកនេះ មិនមែនជាសណ្ឋាគារដែលយើងស្នាក់នៅទេ ! សណ្ឋាគារដែលយើងស្នាក់នៅគឺនៅទល់មុខនេះឯង!
ទាំងបីនាក់ក៏សើចព្រមគ្នា ហាស៎ ហាស៎ ហាស៎ !!! ហេ ហេ ហេ !!! ហ៊ូ ហ៊ូ ហ៊ូ !!!
ចប់ទៅហោង
ប្រភពរឿងមកពីកញ្ញាវ៉ាន់-ណាវីកាលពី២ឆ្នាំមុនរឿងដើមជាភាសាអង់គ្លេស ខ្ញុំប្រែមកជាខ្មែរដូច្នេះក៏ឆ្លៀតថែមគ្រឿងខ្លះទៅខុសត្រូវសូមកុំប្រកាន់៕
មនុស្សឈ្លក់វង្វេងនឹងសម្ភារៈ
លោកមេធាវីទទួលជោគជ័យក្នុងមុខរបរម្នាក់បានទិញរថយន្តម៉ែកសឺដែសមួយគ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យត្រៀមបង្អួតមិត្តភ័ក្ដិ។ គាត់ទើបនឹងបើកទ្វាររថយន្ដចេញបានបន្តិច ស្រាប់តែ លេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។ ខឹងស្ទើរឆ្កួត គាត់ក៏លូកដៃស្ដាំរបស់គាត់ទា
ញយកទូរស័ព្ទពីក្នុងហោប៉ៅ ទាក់ទងទៅប៉ូលីសភ្លាម។ ប៉ុន្តែ មុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះបានត្រឹមតែឈរស្ងៀម ស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។ មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ “ ខ្ញុំ មិននឹកស្មានសោះថាលោកជាមនុស្សឈ្លក់វង្វេងនឹងសម្ភារៈដល់ម្ល៉ឹង សោះ ! ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត” ។ លោកមេធាវីបើកភ្នែកក្រឡោត “ លោកចង់និយាយថាម៉េចហ្នឹង ?” ។ ប៉ូលិស សើចញឹមៗ ‹លោកពិតជាមិនមានការឈឺចាប់អ្វីបន្តិចក្នុងខ្លួនទេឬ ដែលដៃឆ្វេងរបស់លោកបានដាច់បាត់ពាក់កណ្ដាល ខណៈពេលគ្រោះថ្នាក់មុននេះ?›។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ “ យីឯណានាឡិការ៉ូឡិចរបស់ខ្ញុំ ?” ។
ដោយឃើញថារឿងដើមមានឃ្លាឃ្លោងមិនសូវល្អ ខ្ញុំក៏បានកែរប្រែខ្លះទៅ តែរក្សាអត្ថន័យដដែល។
សត្វឬមនុស្ស ?
ក្នុងសួនសត្វមួយបានបាត់ស្វាធំមួយក្បាល ដោយសារស្វានេះទុកសម្រាប់សំដែងអោយទស្សនិកជនចូល ទស្សនាសួនសត្វមើល ដូច្នេះគេក៏បានប្រកាសជ្រើសរើស បុគ្គលិក ដោយបានប្រាក់កម្រៃ៣០០ដុល្លា។ បន្ទាប់មកមានបុរសម្នាក់បានជាប់ក្នុងការជ្រើសរើស ពេលដាក់ប្រវត្តិរូបទៅ អ្នកសម្ភាសន័ប្រាប់ថា លោកជាប់ដោយសារ លោកមុខដូចស្វាដែលបានបាត់ទៅ។
ដំណើរដូចគ្នា មូលហេតុខុសគ្នា
បុរសពីរនាក់ដើរបញ្ច្រាសទិសគ្នា ក្នុងដំណើរប៉ាក់ខ្ញើកៗដូចគ្នា ។ ពេលមកដល់ជិតគ្នា បុរស ម្នាក់ចង្អុលជើងពិការរបស់ខ្លួន ៖
-សង្គ្រាមឈូងសមុទ្រពែរ្ស៍ឆ្នាំ១៩៩១ កាល១៧ឆ្នាំមុន!
បុរសម្នាក់ទៀតងក់ក្បាលសម្ដែងកាយវិការអាណិតអាសូរ រួចចង្អុលជើងស្ដាំរបស់ខ្លួន ដែល កំពុងដើរបង្ហើបកែងខ្វើកៗ ៖
-ជាន់អាចម៍ឆ្កែកាលបីនាទីមុន!
ដកស្រង់ពីកាសែតកោះសន្តិភាព
គន្លឹះពិសេសធ្វើឱ្យបន្លែល្អ
ដកស្រង់ចេញពីកាសែតកោះសន្តិភាព
ងាប់ទៅល្អជាង !
សម្បត្តិមនុស្ស មានស្រីនិងស្រា សម្បត្តិទេព្ដា មានធូបនិងទៀន ឯសម្បត្តិព្រះនិព្វាន មានតែក្ដាមឈូសនិងចេតិយប៉ុណ្ណោះ ! ហេស ហេស !!!
ខ្ញុំនិយាយលេងទេ ខុសត្រូវអីកុំប្រកែរប្រកាន់ ! ហេស ហេស !!!