រាត្រីស្ងប់ស្ងាត់
ម៉ោង៩:០០យប់ទៅហើយខ្ញុំនៅអង្គុយបង្ហុយផ្សែងលើដំបូលផ្ទះដែលមានកៅអីផ្ដៅទ្រាប់ខ្នើយចាស់ក្អែលកាន់យ៉ាងក្រាស់ខ្មឹកពីក្រោម។ មួយដើមហើយមួយដើមទៀត ដូចជាមិនចង់ឈប់សោះ…។ តែចង្រៃអី អាអណ្ដាតខ្ញុំនេះមានមានជំងឺ ជក់ដូចជាមិនសូវឆ្ងាញ់មាត់ប៉ុន្មានទេ ! វាឈឺដោយសារតែខ្ញុំជក់ច្រើនពេក។ ចុះបើដឹងថាជក់ហើយឈឺអីចឹងខំជក់យករំបល់ស្អី? មិត្តអ្នកអានច្បាស់ជាមានសំនួរនេះក្នុងចិត្តហើយមែនទេ? បើដូច្នេះខ្ញុំនឹងសួរទៅវិញថា បើដឹងថាមានរូបមានទុក្ខហើយ មនុស្សខំបង្កើតឱ្យមានជីវិតមករករំបល់ស្អីដែរ? និយាយដល់ត្រឹមនេះ ហាក់ដូចជាខ្ញុំជាមនុស្សពាល បន្តិចហើយ តែមិនអីទេ ព្រោះថាខ្ញុំហ្នឹងវាពាលស្រាប់ទៅហើយ។ គិតថាអង្គុយជក់មើលព្រះច័ន្ទបញ្ចេញពន្លឺឱ្យវាអណ្ដែតអណ្ដូងដូចដូងអណ្ដែតទឹក ដឹងអី អាហ្វូងមូសវាមិនទុកឱ្យខ្ញុំបានស្រណុកឯណា វានាំគ្នាមករោមខាំខ្ញុំដូចឃ្មុំបែកសំបុកអីចឹង។ ក្ដៅខ្លាំងពេកលើកដៃទះផាំងៗលើសាច់ខ្លួនឯង ត្រូវពួកវាឬមិនត្រូវក៏មិនដឹងដែរព្រោះថាមើលមិនសូវឃើញ។ មកដល់ត្រឹមនេះស្រាប់តែគិតថា យីអញ ! ពួកវាគ្រាន់តែមករកចំណី ឬក៏គ្រាន់តែដើម្បីចិញ្ចឹមស៊ុតដែលនៅក្នុងពោះវាទុកបន្តពូជទេតើ ! ហេតុអីអញត្រូវសម្លាប់ពួកវា ! ហេស ហេស ! ឃើញទេ គំនិតខ្ញុំដូចមនុស្សដែលដើរសើចតាមចិញ្ចើមផ្លូវ ឬក៏អាចនិយាយបានថាដូចក្រុមមនុស្សនៅមន្ទីរពេទ្យព្រែកត្នោតអីចឹង។ ចុងក្រោយកម្មវិធីបណ្ដែតមនោសញ្ចេតនាក៏ត្រូវបានបញ្ជប់ត្រឹមហ្នឹង។ ខ្ញុំក៏សម្រេចចិត្តចុះមកក្រោមវិញ មើលកម្មវិធីទូរទស្សន៍ Cartoon Network ព្រោះថាដល់ម៉ោងរឿងអា Stupid Dog របស់ខ្ញុំហើយ៕
ការពិតខ្ញុំចង់សរសេរឱ្យច្រើនជាងនេះបន្តិចដែរ
តែនឹកថា កុំឱ្យមិត្តអ្នកអានជ្រិញនឹងការតម្អូញតម្អែរ
អីចឹងក៏បញ្ឈប់ត្រឹមហ្នឹងតែម្ដងទៅ។
វាចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹង ?
ប៉ុន្មានសប្ដាហ៍មុននេះវាចេះតែរសាប់រសល់ក្នុងខ្លួន ឱ្យតែរំលងអាធ្រាតចេះតែភ្ញាក់ពីដំណេក ហើយបើថាបានភ្ញាក់អីចឹងហើយ ចង់ដេកលើគ្រែមកពីឋានព្រះឥន្ទ្រទៀតក៏វាដេកមិនលក់ដែរ។ ក្នុងក្បាលខ្ញុំហ្នឹងវាហាក់ដូចជាមាន មនុស្សពីរនាក់ជជែកពិភាក្សាគ្នាអីចឹង។ អាមួយវាឱ្យយោបល់អីចេះ អាមួយទៀតវាថាធ្វើអីចឹងមិនត្រូវទេ ធ្វើអីចេះវិញបានត្រូវ។ អស់ពីកិច្ចពិភាក្សារបស់អាពីរនាក់ហ្នឹង ក៏នឹកឃើញរឿងកំសត់ទុរគត៌អត់បានការ អីចេះមួយ អីចោះមួយ។ ចេះតែខំតាំងចិត្តថាមិនត្រូវគិតស្អីទេ គិតតែរឿងនៅចំពោះមុខបានហើយ ចាំបាច់គិតវែងឆ្ងាយដល់ឋានព្រះឥន្ទ្រធ្វើស្អី ! ទីបំផុតឥតប្រយោជន៍ដដែល។ ដល់ចឹងទៅ ទំរាំដេកលក់វិញត្រូវខាត អស់មួយម៉ោងឬពីរម៉ោង លុះព្រឹកឡើងតាំងទៅធ្វើការទាំងមួរម៉ៅ។
សំណាងដែរ ដែលពេទ្យនៅខេត្តខ្ញុំពូកែរ ចេះវិនិច្ឆ័យរោគខ្ញុំត្រូវ ហើយដាក់ថ្នាំចំៗតែម្ដង ធ្វើឱ្យដេក ដូចជាជ្រូក រួចភ្ញាក់ឡើងអារម្មណ៍ល្អធម្មតា កុំអីទាល់តែបញ្ជួនទៅព្រែកត្នោតឱ្យគេឆក់ខ្សែភ្លើងពីរបីឆាច់ បានបាត់មើលទៅ៕
អភិវឌ្ឍខ្លួនទើបត្រឹមត្រូវ
មិត្តខ្ញុំខ្លះកាលពីប្រាំឆ្នាំមុន គេរៀនពូកែរណាស់ ដល់អីឡូវគេនៅតែរៀនពួកែរដដែល ហើយនាំគ្នាទៅរៀនស្រុកក្រៅអស់។ មិត្តខ្ញុំខ្លះទៀត ប្រាំឆ្នាំមុន មិនចេះដើរលេងខូចខិលអីទេ ហៅមហាសុភាព ដល់ប្រាំឆ្នាំក្រោយខ្ញុំជួបគឺនៅរក្សាភាពជាសុភាពបុរសដដែល។
ឥឡូវក្រឡេកមើលខ្ញុំម្ដង តើមានស្អីខ្លះដែលប្លែក?
ប្រាំឆ្នាំមុនមួយថ្ងៃៗដឹងតែពីផឹកកាហ្វេខំរៀនឡើងឈឺក្រពះ ព្រោះថាខ្លាចអត់មានការងារធ្វើ អត់មានលុយចាយ រៀនគ្មានទៅពូកែរខ្មោចសេះស្អីទេ តែចេះតែរៀនៗទៅ។ ដល់អីឡូវ ខ្ញុំអភិវឌ្ឍខ្លួនខ្លាំងណាស់ ចាំបាច់រៀនស្អីទៀត យប់ឡើង ម៉ោង9:00 មិនទាន់ទេ ក្រាលកន្ទេល ចងមុងដេកបាត់។ ប្រាំឆ្នាំមុន ស្រាស្អីមិនចេះផឹកទេ ត្រឹមត្រូវណាស់ ដល់ឥឡូវវិញ កុំថាស្រា ជក់ទាំងបារីទៀត ហេស ហេស ឡូយណាស់។ ប្រាំឆ្នាំមុនពេលទំនេរមិនដែលចេញពីផ្ទះទេ នៅផ្ទះបោសជូត នាយអាយ យកសៀវភៅមកអាន ដល់បច្ចុប្បន្ន ឱ្យតែទំនេរ ប្រុចបាត់ស្រមោល ទៅដើរលេងជាមួយអាពួកម៉ាក មើលក្មេងស្រីៗស្លៀកពាក់ស៊ិចស៊ីនៅមាត់ទន្លេឯណោះធ្វើព្រងើយ។ ឃើញរ៉េ ! ខ្ញុំអភិវឌ្ឍខ្លួនអីចឹង មិនដូចមិត្តខ្ញុំខ្លះដឹងតែពីរៀន រៀនទាល់តែអស់ស្អីរៀន ទៅរៀនដល់ស្រុកគេទៀត។ គ្មានបានការអីទេ ! ដូចខ្ញុំឯណេះបានវាឡូយ ចេះអភិវឌ្ឍខ្លួនឆ្ពោះទៅរកមាគ៌ាមួយដ៏ត្រឹមត្រូវ៕
ខ្ញុំនិយាយលេងទេណា៎! តិចយកគំរូតាម ខ្ញុំមិនដឹងរ៉េ !
មួយថ្ងៃៗឃើញតែធុញ ៗៗៗៗ
ក្នុងម៉ោងការងារ ពេលមិនសប្បាយចិត្ត មិនចង់សម្ដែងអាការៈទុក្ខសោក ឬទឹកមុខក្រៀមក្រំ ឱ្យអ្នករួមការងារបានឃើញឡើយ តែធ្វើមិនបានទាល់តែសោះ ព្រោះថាបើកើតទុក្ខហើយ ចង់សើចក៏វាសើចមិនចេញ ឬបើសើចចេញក៏វាមិនសមដែរ។ គិតថាមានសង្សារប្រហែលជាបាត់កើតរោគធុញ ដឹងអីមានហើយនៅតែធុញដដែល ! ធុញរហូតដល់គេទាត់ក្បាលចោល ក៏នៅតែធុញ ! ធុញពេកទៅផឹកស្រា ក៏នៅតែធុញ ! ជក់បារីឡើងឈឺអណ្ដាត ក៏នៅតែធុញ !
ណ្ហើយ ! និយាយច្រើនគ្មានបានការ រំបល់កាច់យក៍ស្អីទេ ! ទៅក្រៅសិន !
អូ៎ ! ភ្លេចយក 555 ទៅតាមខ្លួន ! វិះអត់អីជក់ !
ហេស ហេ !!!
ពេលនេះបានភ្លឺភ្នែក
កាលដើមខ្ញុំមិនដែលខ្វល់់រឿងគ្មានលុយចាយ អត់បាយស៊ីស្អីទេ ព្រោះថារាល់ថ្ងៃតែងតែមានលុយចាយ បាយមានស៊ីស្រាប់។ សូម្បីតែខ្ញុំរៀនដល់ថ្នាក់ឧត្តមសិក្សាហើយក៏ដោយ ក៏មិនដែលទៅឈឺក្បាលអារឿងអីចឹងៗដែរ។ តែពេលនេះបានញាក់សាច់។ ក្រោយពីខ្ញុំបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាមក ពុកខ្ញុំក៏ចូលនិវត្តន៍ ដូច្នេះស្ថានភាពគ្រួសារក៏ចាប់ផ្ដើមប្រែប្រួល វាមិនដល់ថ្នាក់គ្មានអង្ករច្រកឆ្នាំងនោះទេ តែប្រាក់ចំណូលសម្រាប់គ្រួសារអត់មានច្រើនដូចមុនទេ គឺរំពឹងតែផលដែលបានមកពីចម្ការបន្តិចបន្ទួចប៉ុណ្ណឹង។ ដល់ចឹងទៅខ្ញុំត្រូវតែចែករំលែកប្រាក់ខែដែលខ្ញុំរកបានពីចំណេះដឹងកំប៉ិកកំប៉ុករបស់ខ្ញុំ។ ខ្ញុំជាមនុស្សចាយលុយខ្ជះខ្ជាយណាស់ ដល់ពេលនេះខ្ញុំចាប់ផ្ដើមឈឺក្បាលហើយ ពេលខ្លះសូម្បីតែឈឺហើយក៏គ្មានលុយទៅពេទ្យដែរ។ ហេស ហេ ! ស្ដាប់ទៅវាកម្សត់ណាស់… ពេលខ្លះទៅខ្ចីលុយអាពួកម៉ាកចាយ ដល់បើកប្រាក់ខែយកទៅសងពួកវាវិញអស់ ដល់យូរៗទៅលែងហ៊ានខ្ចីពួកវា គិតរកវិធីលក់របស់ដែលខ្លួនមានចាយម្ដង… ។ នេះបានហៅថាចោលម្សៀត។
ខ្ញុំអត់បានបន្ទោសខ្លួនឯងថាខ្ជិលរៀនអីនោះទេ ព្រោះថាខ្ញុំហាក់ដូចជាបានប្រឹងអស់លទ្ធភាពទៅហើយ។ មិត្តភក្ត្រស្គាល់គ្នាភាគច្រើនគេទៅរៀននៅបរទេសអស់ ដោយឡែកតែខ្ញុំ នៅអង្គុយកំប៉ុកវាយDataធ្វើការបែកញើសគូទ។ ឯអ្នកមិនដឹងគេស្ដាប់មើលទៅបែបហំណាស់ ព្រោះបានធ្វើការក្នុងម៉ាស៊ីនត្រជាក់ អង្គុយមុខកុំព្យូទ័រ ការពិតគឺអាចមន៍គោសោះ។ ដល់ខ្មាស់មិត្តភក្ត្រពេកទៅចង់តែគេចមុខឱ្យបាត់ទេ មិនហ៊ានជួបមុខគេ វាខ្មាស់គេ ចង់តែយកគូទមកធ្វើមុខម្ដងវិញ។ ស្មុគ្រពេកគិតថាជក់បារីឱ្យវាបាត់ក្រពុលមុខ ដល់ពេលបើកថតតុអស់បារីជក់ទៀត នេះបានហៅថារហេមរហាម។ ហាស ហាស !!! មុនៗឱ្យតែកើតទុក្ខតែងតែជួបមិត្តនៅស្រុកគេChatថ្លែងទុក្ខសោកប្រាប់គេ ដល់យូរៗទៅគេជ្រិញ ឈប់ថ្លែងប្រាប់គេមកស្រែកជំទាលក្នុងBlogម្ដង។ អានេះគេហៅថាដូរស្ទីល កុំឱ្យវាដដែលៗពេក៕
មិត្ត
ពាក្យថាមិត្តសម្រាប់ខ្ញុំគឺចែកចេញជាបីប្រភេទ។ ប្រភេទទីមួយគឺមិត្តភក្ដ្រនាំសប្បាយ មិត្តប្រភេទនេះចេះនាំខ្ញុំឱ្យសើចគ្រប់ពេល តែពួកគេមិនសូវយល់ពីអារម្មណ៍ខ្ញុំច្រើនប៉ុន្មានទេ។ ប្រភេទទីពីរ គឺមិត្តដែលដឹកនាំខ្ញុំទៅរកភាពរីកចម្រើន ពួកគេជួយដោះស្រាយបញ្ហាដែលទាក់ទងនឹងការសិក្សារ ទាក់ទងនឹងការងារ។ ពួកគេជួយខ្ញុំច្រើនណាស់សម្រាប់រឿងការងារនិងការសិក្សានេះ។ រីឯមិត្តមួយប្រភេទទៀត គឺជាមិត្តដែលយល់ពីអារម្មណ៍ក្រៀមក្រំរបស់ខ្ញុំ ពួកគេតែងលួងលោមខ្ញុំពេលដែលខ្ញុំមានបញ្ហាផ្លូវចិត្ត។ ដូច្នេះខ្ញុំឃើញថា ខ្ញុំមិនអាចបាត់បង់មិត្តទាំងបីប្រភេទនេះបានទេ ព្រោះពួកគេមានគុណសម្បត្តិផ្សេងៗគ្នា ដែលអាចជួយឱ្យជីវិតរបស់ខ្ញុំមានភាពស្រស់ថ្លា។