ស្នេហាជាន័យឬជានុយ ?
[...] ‹ ឱ ! មុននេះបន្តិច អញជាមនុស្សអស់សង្ឃឹម ជាមនុស្សខ្ពើមជីវិត ! កុំអីអញមិនដឹងជាក្លាយខ្លួនទៅជាមនុស្សប្រភេទណាទេ ! អញចេះតែសម្លឹងមើលឃើញថា ជីវិតឥតន័យ ! ជីវិតឥតន័យ ! យូរៗទៅអញប្រាកដជាធ្លាក់ខ្លួនទៅក្នុងជ្រោះសែនជ្រៅនៃវិកលចរិត។ ឱ ! អញមានភ័ពវាសនាមែន។ ពេលដែលអញរមៀលខ្លួនហៀបតែធ្លាក់ទៅក្នុងជ្រោះអពមង្គលនោះ ស្រាប់តែអញឃើញបុផ្ផាទិព្វមួយគុម្ពនៅក្បែរមាត់ជ្រោះ អញក៏ខំស្រវាតោងខ្ជាប់។ អញតោងបុផ្ផានេះគ្មានឱ្យរបេះទេ ! បុផ្ផានេះគឺជាបង្គោលនៃជីវិតរបស់អញ …› [...]
[...] ‹ ឱ ! មុននេះបន្តិចអញស្អប់ខ្ពើមស្រីៗ អញស្អប់ខ្ពើមប្រាក់ ព្រមទាំងរតនវត្ថុវិសេសគ្រប់យ៉ាង។ នរណាដែលឮកម្លោះអាយុម្ភៃមួយឆ្នាំ មានសញ្ញាប័ត្រខ្ពង់ខ្ពស់ប៉ុណ្ណោះដែរ ហើយខ្ពើមរអើមជីវិត រហូតដល់មិនចង់បានប្រពន្ធ … › ។ ‹ ឱសថស្នេហាទេតើ ដែលបានជួយអញឱ្យរួចខ្លួនពីរណ្ដៅវិកលចរិត … ។ ជយោកិលេស ! ជយោសេចក្ដីស្នេហា ! › [...]
ដកស្រង់ពីប្រលោមលោកមនោសញ្ចេតនារបស់លោក សុទ្ធ-ប៉ូលីន
ប្រវឹកមួយគូ
ពេលបំព្រាង មេឃខៀវថ្លាយង់ដួងព្រះអាទិត្យរះប៉ប្រះជ្រលងភ្នំ ។ យើងនឹកអស់ផ្លូវ នឹងពួនស្ទាក់ទាព្រៃទៀតហើយ ស្រាប់តែមានសត្វពីរត្រដាងស្លាបសណ្តូកក បណ្តែតខ្លួន ជ្រែកអាកាសពីលើយើង ។ ខ្ញុំលើកកាំភ្លើងតំរង់ ក្តុង! សត្វស្លាបមួយធ្លាក់មកជិតជើងខ្ញុំ ។ ខ្ញុំចាប់វាលើកឡើង ឃើញប្រវឹកមួយធាត់ស្រគុកគុក ។
ឰដ៏អាកាស សំឡេងសត្វមួយបានបន្លីឡើងឮខ្លីៗ ដដែលៗ ។
នេះជាសំរែកប្រវឹកមួយទៀត ដែលគ្រាប់កាំភ្លើងខ្ញុំ ពុំបានប្រល័យជីវិតវា ។ ក្នុងលំហមេឃខ្ពស់ស្រឡូង វាហើរក្រឡឹងមើលគូវាដែលខ្ញុំកាន់នៅដៃ ។ សំឡាញ់ខ្ញុំលុតជង្គង់ លើកកាំភ្លើងទល់នឹងស្មា ភ្នែកតាមមើលវា ទំរាំមកជិតនឹងលោះកៃ ។ សំឡាញ់ខ្ញុំថា៖ “ ឯងច្បាស់ជាបាញ់ត្រូវមេញីហើយ បានជាអាឈ្មោលមិនព្រមទៅពីទីនេះសោះ ។
សំដីនេះដូចជាត្រូវ ព្រោះប្រវឹកនៅតែហើរ ហើយយំកណ្តោចកណ្តែងពីលើយើង ។ សំឡេងវាពោរពេញដោយទុក្ខ ដោយក្តីខ្លោចផ្សា បានញុំាងខ្ញុំឲ្យរអាក់រអួលជាខ្លាំង។
សត្វកំសត់ហើរឆ្លេឆ្លា យំហៅគូសង្សារវាឥតឈប់ ជួនវាហើរគេចពីចុងកាំភ្លើងដែលមិត្តខ្ញុំតាមតំរង់ ជួនវាហើរទៅឆ្ងាយ បីដូចជាដាច់ចិត្តនឹងត្រាច់ទៅតែឯង ។ ប៉ុន្តែដោយជាប់ចិត្តវិលវល់នឹងគូកំណាន់វា វាក៏ហើរត្រឡប់មកវិញ ។
ម្តងនេះ សំឡាញ់ខ្ញុំបង្គាប់ឲ្យខ្ញុំបោះប្រវឹកញីទៅដី ដើម្បីឲ្យវាហ៊ានមកជិត ។ ខ្ញុំធ្វើតាមបង្គាប់ ។ ប្រវឹកឈ្មោលហើរចុះមកទាប ហាក់ដូចជាគ្មានរវល់នឹងគ្រោះថ្នាក់ ។ សំឡាញ់ខ្ញុំលោះកែកាំភ្លើង ប្រវឹកទុគ៌តក៏ធ្លាក់មកដីដូចថ្មមួយដុំឮសូរទុប ។
នៅចំពោះព្រឹត្តិការណ៍ដ៏ចំឡែក ដែលខ្ញុំទើបប្រទះជាលើកដំបូងនេះ ខ្ញុំកើតសង្វេគដរាបដល់អស់ចំណង់ ក្នុងការបរបាញ់តទៅទៀត ។ ខ្ញុំក៏បបួលមិត្តខ្ញុំត្រឡប់មកភ្នំពេញវិញភ្លាម៕
គាំទ្រអក្សរសិល្បិ៍ជាតិ
ក្អែក និងកូនវា (កំណាព្យ)
| ក្អែកកាច់សំបុកពងនៅកោះ | លុះដល់កូនញាស់អស់កាលណា | ||
| ក៏តាំងជញ្ជូនកូនជីវ៉ា | កាត់ជលសាទៅត្រើយនាយ។ | ||
| ជើងក្តាប់កូនជាប់ស្លាបទទះ | ហិចហើររូតរះចេញជជាយ | ||
| ឆ្លងសមុទ្ទធំធេងទូលាយ | នឹងធ្វើពាយងាយឯណាបាន ។ | ||
| ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវ | កំលាំងហេវទៅអស់ពីប្រាណ | ||
| ស្លាបទន់កូនធ្ងន់ពន់ប្រមាណ | កើតក្តីរំខានសួរកូនថា ។ | ||
| កូនអើយឥឡូវឪស្វាហាប់ | ដល់ចាស់ឪងាប់អង្គអាត្មា | ||
| ចូលវ័យជរាឪពិការ | តើកូនរក្សាឪវិញទេ? ។ | ||
| កូនក្អែកខ្លាចឪទំលាក់ខ្លួន | លែងបានពឹងពួនគិតរិះរេ | ||
| ឆ្លើយថារឿងហ្នឹងមិនអីទេ | កូនគ្នេរចិញ្ចឹមវិញកុំព្រួយ ។ | ||
| បាបានស្តាប់កូននិយាយចប់ | លាសព្វក្រញាំចោលកូនមួយ | ||
| ធ្លាក់ចូលក្នុងទឹកដូចបោះពួយ | លិចលង់រលួយក្នុងជលធី ។ | ||
| រួចក្អែកត្រឡប់ទៅសំបុក | ចូលផ្លុកយកកូនវាទីពីរ | ||
| នាំហើរមកដល់កណ្តាលទី | ក្អែកក៏សំភីសួរកូនទៀត ។ | ||
| កូនបងកូនប្អូនឆ្លើយដូចគ្នា | ព្រោះគំនិតវាសុទ្ធមានស្នៀត | ||
| ក្អែកទំលាក់កូនស្លាប់បង់សៀត | ហើយឆ្លៀតទៅយកកូនទីបី ។ | ||
| លុះនាំមកដល់កណ្តាលផ្លូវ | ក្អែកសួរកូនពៅសាជាថ្មី | ||
| កូនឆ្លើយទៅបាធ្វើវាហី | តាមដោយសេចក្តីពិចារណា ។ | ||
| កាលណាកូនធំមានគូគាប់ | នេះតាមទំលាប់ក្នុងលោកា | ||
| កូនកបង្កើតជាគ្រួសារ | មានកូនរក្សាដូចឪដែរ ។ | ||
| ក្អែកយល់ថាកូននិយាយត្រង់ | ផុសផុលចំណង់តាំងរេកែ | ||
| ផ្សែផ្សំកំលាំងដែលបែកបែរ | ហើយប្រែប្រាណប្រឹងហើរដល់ត្រើយ ។ | ||
| នឹកថាទុកកូនមួយតពូជ | បានដូចជាវាពុំលង់ឡើយ | ||
| ធ្វើម្តេចសត្វលោកយ៉ាងហ្នឹងហើយ | ចម្លើយវាត្រង់ត្រូវចិញ្ចឹម ៕ |
គាំទ្រភាសាជាតិ
តើហេតុអាក្រក់កើតមកពីណា?
លោកធូតង្គមួយអង្គបានសំរាកក្នុងព្រៃស្ងាត់ ជាមួយសត្វផងទាំងពួង ។ លុះនៅយូរៗទៅ ទើបលោកចេះភាសាសត្វឡើង ។
ល្ងាចមួយ ពេលលោកសឹងក្រោមម្លប់ឈើ ស្រាប់តែមានក្អែកមួយ លលកមួយ ប្រើសមួយ និងពស់មួយ ចូលមកប្រជុំគ្នានៅទីនោះដែរ ។សត្វទាំងបួនជជែកគ្នា រកហេតុអាក្រក់ទាំងឡាយក្នុងលោក ។ ក្អែកនិយាយមុនគេថា ៖ហេតុអាក្រក់ទាំងអស់កើតមកពីការស្រេកឃ្លាន ព្រោះថា ៖ កាលណាខ្ញុំបានស៊ីឆ្អែត ខ្ញុំរីករាយចិត្ត នៅមួយកន្លែងបាន ។ ខ្ញុំរួសមាត់រួសក ហើយអ្វីដែលខ្ញុំឃើញ សុទ្ធតែធ្វើឲ្យខ្ញុំត្រេកអរទាំងអស់ ។ ប៉ុន្តែកាលណាខ្ញុំឃ្លាន រកអ្វីស៊ីគ្មាន ខ្ញុំចេះតែទាស់ទែងចិត្ត និងមួម៉ៅឥតស្រាក ។ ព្រះអាទិត្យរះត្រចង់ មេឃខៀវថ្លាយង់ ក៏មិនអាចជាទីពេញចិត្តខ្ញុំដែរ ។ ខ្ញុំរសាប់រសល់ម្តងខ្ញុំហើរទៅឯនេះ ម្តងទៅឯនោះរកពេលសំរាកគ្មាន ។ ប្រសិនជាខ្ញុំប្រទះចំណីអ្វីមួយ ខ្ញុំបោះពួយឆាបយកចំណីនោះ ដោយគ្មានគិតគ្រោះថ្នាក់ អន្ទាក់ ដំបង ឬព្រួញឡើយ ។ និយាយឲ្យខ្លីទៅ សូម្បីចំណីនោះនៅនឹងមាត់ឆ្កែ ឬមាត់ចចក ក៏ខ្ញុំហ៊ានទៅដណ្តើមស៊ីដែរ ។តាមខ្ញុំដឹង, សត្វទាំងឡាយត្រូវវិនាសខ្លួន ព្រោះតែការស្រេកឃ្លាននេះឯង ។ ដោយហេតុនេះខ្ញុំជឿជាក់ថា ហេតុអាក្រក់ទាំងអស់កើតមកពីការស្រេកឃ្លាន ។
លលកថា ៖មិនមែនទេ! បើតាមខ្ញុំ, ហេតុអាក្រក់ទាំងអស់កើតមកពីការស្នេហា ។ បើយើងនៅលីវ យើងគ្មានអំពល់ទុក្ខប៉ុន្មានឡើយ យើងអាចរស់មួយគែ ស៊ីតែមួយឆ្អែតបាន ។ ប៉ុន្តែធម្មជាតិតម្រូវឲ្យយើងមានគូស្រករ ដែលយើងមិនអាចនឹងចៀសវាងបាន ។ កាលណាយើងមានគូគាប់ យើងស្រឡាញ់ជាប់ចិត្ត ដែលជាហេតុមួយនាំឲ្យយើងនៅមិនសុខ ។ យើងចេះតែបារម្ភខ្លាចគូយើងស្រេកឃ្លាន ក្រែងពុំបានសុខកាយសប្បាយចិត្ត . . . ។ យើងមានកង្វល់ទុក្ខ ប្រសិនជាបាត់គូយើងមួយពេល ។ យើងនឹកឃើញថា ក្រែងស្ទាំងឆាបឬព្រានបាញ់គូសំឡាញ់យើងទេដឹង? យើងរសាប់រសល់នៅមិនសុខ ត្រូវត្រាច់តត្រុករុករកគូយើងសព្វកន្លែង ដោយឥតរអែងអ្វីឡើយ ។លោតែឃើញគូកំណាន់យើងជាប់អន្ទាក់ ឬស្លាប់ យើងអស់ផ្លូវនឹងរស់ទៀតហើយ ។ យើងកើតទុក្ខសង្រេង ភ្លេចចំណី ភ្លេចទឹក រ៉ាំរ៉ៃ ។សត្វទាំងឡាយស្លាប់ខ្លួន ព្រោះព្រាត់គូគាប់នេះ ។ដោយហេតុនេះ ខ្ញុំថាហេតុអាក្រក់ទាំងអស់ កើតមកពីការស្នេហា ។
ពស់និយាយថា ៖ហេតុអាក្រក់ទាំងអស់បណ្តាលមកពីកំហឹង មិនមែនកើតមកពីការស្រេកឃ្លាន ឬការស្នេហាទេ ។ បើយើងស្រឡាញ់សន្តិភាព ព្រមយល់ចិត្តគ្នាទៅវិញទៅមក តើយើងមានអ្វីនឹងក្រោធខឹង? មានអ្វីនឹងធ្វើឲ្យយើងកើតកង្វល់?ផ្ទុយទៅវិញ, ឲ្យតែមានគេធ្វើទាស់ចិត្តគំនិតយើងភ្លែត យើងច្រលោតខឹងភ្លាម ។ យើងរករឿងសងសឹកគេវិញឥតបង្អង់ ។ យើងស្រែកហក់ លូន រកចឹករកខាំគេ រហូតដលើភ្លេចខ្លួន លែងក្រែងអ្វីទាំងអស់ ទោះឪពុកម្តាយយើងឃាត់ ក៏យើងមិនយល់មុខគាត់ដែរ ។ ប្រសិនណាខករកមុខសត្រូវយើងមិនឃើញ កំហឹងយើងកាន់តែពុះពោរឡើង ចិត្តយើងក្តៅក្រហាយដរាបដល់ខាំកន្ទុយខ្លួនឯង ។ កំហឹងដ៏កំឡៅនេះនឹងបាត់ទៅបាន លុះណាតែខ្លួនយើងវិនាស ។ដោយហេតុនេះ, បានជាខ្ញុំថា ហេតុអាក្រក់គ្រប់យ៉ាងកើតមកពីកំហឹង ។
ប្រើសឆ្លើយឡើងថា ៖ខុសទាំងអស់ ហេតុអាក្រក់មិនមែនបង្កឡើងពីកំហឹង ពីស្នេហា ពីការស្រេកឃ្លានទេ ខ្ញុំយល់ថា ហេតុអាក្រក់ដួចឡើងពីកំឡាច ។អ្នកណាក្លាហាន អាចរស់នៅបានសុខសាន្ត ។ ខ្ញុំមានស្នែងវែង មានជើងតូចស្រៀវហើយមាំផង ។ សត្វណាតូច ខ្ញុំខោកមួយស្នែងវាលែងហ៊ានមកជិតខ្ញុំហើយ ។ សត្វណាធំ ខ្ញុំអាចរត់យករួចខ្លួន ដោយគេចពីវាបានងាយ ។ ប៉ុន្តែស្នែងក្តី ជើងក្តី កំលាំងខ្លួនខ្ញុំក្តីមិនអាចជួយខ្ញុំឲ្យបាត់ខ្លាចឡើយ ។ ស្នូរមែកឈើធ្លាក់ប្រោក ខ្ញុំភ្ញាក់ព្រើត បេះដូងខ្ញុំញ័រ ខ្ញុំភ័យផ្អើលបោលភីង ។ ទន្សាយ ឬសត្វស្លាបមួយ រត់ឬហើរកាត់មុខខ្ញុំ ខ្ញុំមើលទៅវា ឃើញសុទ្ធតែសត្វធំទាំងអស់ ។ ការភ័យខ្លាចតែផ្តាសនេះនាំឲ្យខ្ញុំទៅជួបនឹងខ្លា មានម្តងគេចពីឆ្កែ ខ្ញុំបែរទៅជួបនឹងព្រាន ។ ខ្ញុំរត់គ្មានស្គាល់ទិសតំបន់ ដរាបភ្លាត់ជើងដួលគ្រេចចង្កេះ ជួនធ្លាក់ក្នុងជ្រោះផង ។ ពេលដេកខ្ញុំបិទភ្នែកមិនជិត ត្រចៀកខ្ញុំប្រុងស្តាប់ជានិច្ច ។ ខ្ញុំរកពេលសំរាកមិនបាន ព្រោះខ្ញុំខ្លាច ។ ដោយហេតុនេះ, បានជាខ្ញុំយល់ថា ហេតុអាក្រក់ទាំងអស់ក្នុងលោក កើតមកពីកំឡាច ។
ខណៈនោះលោកធូតង្គ មានព្រះសង្ឃដីកាថា ៖នឹងថាហេតុអាក្រក់ទាំងអស់ កើតពីការស្រកឃ្លានក៏មិនមែន ពីស្នេហាក៏មិនមែន ពីកំហឹងក៏មិនមែន ពីកំឡាចក៏មិនមែនទៀត ។តាមពិត, ហេតុអាក្រក់ទាំងពួងក្នុងលោក បណ្តាលមកពីរូបកាយយើង ព្រោះដោយសាររូបកាយនេះហើយ បានជាយើងឃ្លាន យើងស្នេហា យើងខឹង យើងខ្លាច រកទីបំផុតគ្មាន ៕
ស្នេហាអក្សរសិល្បិ៍ជាតិ
ទស្សនវិជ្ជមានចំពោះខ្លួនឯង
ទស្សនវិជ្ជមានចំពោះខ្លួនឯងគឺការយល់ឃើញ ហើយទុកចិត្តនិងជឿជាក់លើសមត្ថភាពខ្លួនឯងថា ខ្លួនអាចធ្វើអ្វីមួយបាន ហើយតែងមានសេចក្ដីសង្ឃឹមជានិច្ច ចំពោះការងារណាមួយដែលខ្លួនកំពុងធ្វើ។ ទោះបីការងារនោះតូច រឺធំ ធ្ងន់ រឺស្រាល ស្រួល រឺលំបាក ប៉ុនណាក៏ដោយ ក៏គេនៅតែប្រកាន់ស្មារតី យ៉ាងមុតមាំ អង់អាចក្លាហាន ហ៊ានធានាទទួលខុសត្រូវទៀតផង។
តើអ្នកមានទំនុកចិត្ត និងជំនឿលើខ្លួនឯងថា អាចធ្វើអ្វីបានខ្លះ?
ដកស្រង់ពីសៀភៅភាសាខ្មែរថ្នាក់ទី ៩
ទស្សនៈអំពីជីវិត
ពេលខ្លះមនុស្សយើងម្នាក់ៗសួរខ្លួនឯងថាតើអ្វីទៅជាជីវិត តើខ្ញុំរស់នៅដើម្បីអ្វី។ បើយើងយកសំនួរនេះទៅសួរមនុស្សផ្សេងទៀតយើងនឹងបានចម្លើយផ្សេងៗគ្នា។ ទស្សនៈអំពីជីវិតដែលយើងម្នាក់ៗប្រកាន់យក គឺជាមាគ៌ាដឹកនាំនិងដោះស្រាយជីវិតរបស់យើង។ តើយើងត្រូវរស់នៅនិងដោះស្រាយបញ្ហាជីវិតដោយរបៀបណាខ្លះ? ទស្សនៈល្អៗត្រឹមត្រូវអំពីជីវិត តែងនាំឱ្យមានសុភមង្គលនិងសេចក្ដីថ្លៃថ្នូរ៕
ដកស្រង់ពីសៀវភៅភាសាខ្មែរថ្នាក់ទី១០
កំនត់គោលដៅ
គោលដៅជាទិស ឬចំនុចដែលកំនត់ទុកជាមុនថាត្រូវទៅឱ្យដល់។ កំនត់គោលដៅគឺរៀបចំផែនការ សម្រាប់អនុវត្តក្នុងដំនើរជីវិតរបស់ខ្លួន។ ចេះកំនត់ទិសដៅ ជាកត្តាអាចនាំឱ្យកេរ្ដិ៍ឈ្មោះល្បីល្បាញ ឬនាំឱ្យសម្រេចបំណងប្រាថ្នា។ ប៉ុន្តែចេះកំនត់គោលដៅតែមួយមុខក៏មិនអាចគ្រប់គ្រាន់ដែរ។ គេត្រូវមានការតស៊ូ ការប្ដេជ្ញា និងមានមោទនភាព ចំពោះការងាររបស់គេផងដែរ។ បើមិនមានគោលដៅនេះទេ មនុស្សម្នាក់ៗនឹងគ្រាន់តែរស់នៅរសាត់អណ្ដែតតាមយថាកម្មប៉ុណ្ណោះ៕
ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី៩