តើហេតុអាក្រក់កើតមកពីណា?

​លោក​ធូតង្គ​មួយ​អង្គ​បាន​សំរាក​ក្នុង​ព្រៃ​ស្ងាត់ ជាមួយ​សត្វ​ផងទាំងពួង ។ លុះ​នៅ​យូរៗ​ទៅ ទើប​លោក​ចេះ​ភាសាសត្វ​ឡើង ។​

ល្ងាច​មួយ ពេល​លោក​សឹង​ក្រោម​ម្លប់​ឈើ ស្រាប់តែ​មាន​ក្អែក​មួយ លលក​មួយ ប្រើ​ស​មួយ និង​ពស់​មួយ ចូល​មក​ប្រជុំ​គ្នា​នៅ​ទីនោះ​ដែរ ។​សត្វ​ទាំង​បួន​ជជែក​គ្នា រកហេតុ​អាក្រក់​ទាំងឡាយ​ក្នុង​លោក ។​ ​ក្អែក​និយាយ​មុន​គេ​ថា ៖​ហេតុ​អាក្រក់​ទាំងអស់​កើតមក​ពី​ការស្រេកឃ្លាន ព្រោះថា ៖ កាលណា​ខ្ញុំ​បាន​ស៊ី​ឆ្អែត ខ្ញុំ​រីករាយ​ចិត្ត នៅ​មួយកន្លែង​បាន ។ ខ្ញុំ​រួសមាត់​រួស​ក ហើយ​អ្វី​ដែល​ខ្ញុំ​ឃើញ សុទ្ធ​តែ​ធ្វើឲ្យ​ខ្ញុំ​ត្រេកអរ​ទាំងអស់ ។ ប៉ុន្តែ​កាលណា​ខ្ញុំ​ឃ្លាន រក​អ្វី​ស៊ី​គ្មាន ខ្ញុំ​ចេះតែ​ទាស់ទែង​ចិត្ត និង​មួម៉ៅ​ឥត​ស្រាក ។ ព្រះអាទិត្យ​រះ​ត្រ​ចង់ មេឃ​ខៀវ​ថ្លាយង់ ក៏​មិន​អាច​ជា​ទី​ពេញចិត្ត​ខ្ញុំ​ដែរ ។ ខ្ញុំ​រសាប់រសល់ម្តង​ខ្ញុំ​ហើរ​ទៅ​ឯ​នេះ ម្តង​ទៅ​ឯ​នោះ​រក​ពេល​សំរាក​គ្មាន ។ ប្រសិន​ជា​ខ្ញុំ​ប្រទះ​ចំណី​អ្វីមួយ ខ្ញុំ​បោះពួយ​ឆាប​យក​ចំណី​នោះ ដោយ​គ្មាន​គិត​គ្រោះថ្នាក់ អន្ទាក់ ដំបង ឬ​ព្រួញ​ឡើយ ។ និយាយ​ឲ្យ​ខ្លី​ទៅ សូម្បី​ចំណី​នោះ​នៅ​នឹង​មាត់​ឆ្កែ ឬ​មាត់​ច​ចក ក៏​ខ្ញុំ​ហ៊ាន​ទៅ​ដណ្តើម​ស៊ី​ដែរ ។​តាម​ខ្ញុំ​ដឹង​, សត្វ​ទាំងឡាយ​ត្រូវ​វិនាស​ខ្លួន ព្រោះតែ​ការស្រេកឃ្លាន​នេះឯង ។ ដោយហេតុ​នេះ​ខ្ញុំ​ជឿជាក់ថា ហេតុ​អាក្រក់​ទាំងអស់​កើត​មក​ពី​ការស្រេកឃ្លាន ។​

លលក​ថា ៖មិនមែន​ទេ​! បើ​តាម​ខ្ញុំ​, ហេតុ​អាក្រក់​ទាំងអស់​កើតមក​ពី​ការ​ស្នេហា ។ បើ​យើង​នៅ​លីវ យើង​គ្មាន​អំពល់ទុក្ខ​ប៉ុន្មាន​ឡើយ យើង​អាច​រស់​មួយ​គែ ស៊ី​តែ​មួយ​ឆ្អែត​បាន ។ ប៉ុន្តែ​ធម្មជាតិ​តម្រូវ​ឲ្យ​យើង​មាន​គូស្រករ ដែល​យើង​មិនអាច​នឹង​ចៀសវាង​បាន ។ កាលណា​យើង​មាន​គូគាប់ យើង​ស្រឡាញ់​ជាប់​ចិត្ត ដែល​ជា​ហេតុ​មួយ​នាំឲ្យ​យើង​នៅ​មិនសុខ ។  យើង​ចេះ​តែ​បារម្ភ​ខ្លាច​គូ​យើង​ស្រេកឃ្លាន ក្រែង​ពុំ​បាន​សុខកាយ​សប្បាយចិត្ត . . . ។ យើង​មាន​កង្វល់​ទុក្ខ ប្រសិន​ជា​បាត់​គូ​យើង​មួយពេល ។ យើង​នឹកឃើញ​ថា ក្រែង​ស្ទាំង​ឆាប​ឬ​ព្រាន​បាញ់​គូ​សំឡាញ់​យើង​ទេ​ដឹង​? យើង​រសាប់រសល់​នៅ​មិន​សុខ ត្រូវ​ត្រាច់​តត្រុក​រុករក​គូ​យើង​សព្វកន្លែង ដោយ​ឥត​រអែង​អ្វី​ឡើយ ។​លោតែ​ឃើញ​គូ​កំណាន់​យើង​ជាប់អន្ទាក់ ឬ​ស្លាប់ យើង​អស់​ផ្លូវ​នឹង​រស់​ទៀតហើយ ។ យើង​កើតទុក្ខ​សង្រេង ភ្លេច​ចំណី ភ្លេច​ទឹក រ៉ាំរ៉ៃ ។​សត្វ​ទាំងឡាយ​ស្លាប់​ខ្លួន ព្រោះ​ព្រាត់​គូគាប់​នេះ ។​ដោយហេតុនេះ ខ្ញុំ​ថា​ហេតុ​អាក្រក់​ទាំងអស់ កើត​មក​ពី​ការ​ស្នេហា ។​

ពស់​និយាយថា ៖​ហេតុ​អាក្រក់​ទាំងអស់​បណ្តាលមកពី​កំហឹង មិនមែន​កើត​មក​ពី​ការស្រេកឃ្លាន ឬ​ការ​ស្នេហា​ទេ ។ បើ​យើង​ស្រឡាញ់​សន្តិភាព ព្រម​យល់​ចិត្ត​គ្នា​ទៅវិញទៅមក តើ​យើង​មាន​អ្វី​នឹង​ក្រោធ​ខឹង​? មាន​អ្វី​នឹង​ធ្វើឲ្យ​យើង​កើតកង្វល់​?​ផ្ទុយទៅវិញ​, ឲ្យតែ​មាន​គេ​ធ្វើ​ទាស់ចិត្ត​គំនិត​យើង​ភ្លែត យើង​ច្រលោតខឹង​ភ្លាម ។ យើង​រក​រឿង​សងសឹក​គេ​វិញ​ឥត​បង្អង់ ។ យើង​ស្រែក​ហក់ លូន រក​ចឹក​រក​ខាំ​គេ រហូត​ដ​លើ​ភ្លេចខ្លួន លែង​ក្រែង​អ្វី​ទាំងអស់ ទោះ​ឪពុកម្តាយ​យើង​ឃាត់ ក៏​យើង​មិន​យល់មុខ​គាត់​ដែរ ។ ប្រសិន​ណាខ​ករក​មុខ​សត្រូវ​យើង​មិន​ឃើញ កំហឹង​យើង​កាន់តែ​ពុះពោរ​ឡើង ចិត្ត​យើង​ក្តៅក្រហាយ​ដរាប​ដល់​ខាំ​កន្ទុយ​ខ្លួនឯង ។ កំហឹង​ដ៏​កំឡៅ​​នេះ​នឹង​បាត់​ទៅ​បាន លុះណាតែ​ខ្លួន​យើង​វិនាស ។​ដោយហេតុនេះ​, បានជា​ខ្ញុំ​ថា ហេតុ​អាក្រក់​គ្រប់យ៉ាង​កើត​មក​ពី​កំហឹង ។​

ប្រើស​ឆ្លើយ​ឡើង​ថា ៖​ខុស​ទាំង​អស់ ហេតុ​អាក្រក់​មិនមែន​បង្ក​ឡើង​ពី​កំហឹង ពី​ស្នេហា ពី​ការស្រេកឃ្លាន​ទេ ខ្ញុំ​យល់​ថា ហេតុ​អាក្រក់​ដួច​ឡើង​ពី​កំឡាច ។​អ្នកណា​ក្លាហាន អាច​រស់នៅ​បាន​សុខសាន្ត ។ ខ្ញុំ​មាន​ស្នែង​វែង មាន​ជើង​តូច​ស្រៀវ​ហើយ​មាំ​ផង ។ សត្វ​ណា​តូច ខ្ញុំ​ខោ​កមួយ​ស្នែង​វា​លែង​ហ៊ាន​មក​ជិត​ខ្ញុំ​ហើយ ។ សត្វ​ណា​ធំ ខ្ញុំ​អាច​រត់​យករួចខ្លួន ដោយ​គេច​ពី​វា​បាន​ងាយ ។ ប៉ុន្តែ​ស្នែង​ក្តី ជើង​ក្តី កំលាំង​ខ្លួន​ខ្ញុំ​ក្តី​មិន​អាច​ជួយ​ខ្ញុំ​ឲ្យ​បាត់​ខ្លាច​ឡើយ ។ ស្នូរ​មែកឈើ​ធ្លាក់​ប្រោក ខ្ញុំ​ភ្ញាក់​ព្រើត បេះដូង​ខ្ញុំ​ញ័រ ខ្ញុំ​ភ័យ​ផ្អើល​បោល​ភី​ង ។ ទន្សាយ ឬ​សត្វ​ស្លាប​មួយ រត់​ឬ​ហើរ​កាត់​មុខ​ខ្ញុំ ខ្ញុំ​មើល​ទៅ​វា ឃើញ​សុទ្ធតែ​សត្វ​ធំ​ទាំងអស់ ។ ការភ័យខ្លាច​តែ​ផ្តាស​នេះ​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជួប​នឹង​ខ្លា មាន​ម្តង​គេច​ពី​ឆ្កែ ខ្ញុំ​បែរ​ទៅ​ជួប​នឹង​ព្រាន ។ ខ្ញុំ​រត់​គ្មាន​ស្គាល់​ទិស​តំបន់ ដរាប​ភ្លាត់ជើង​ដួល​គ្រេច​ចង្កេះ ជួន​ធ្លាក់​ក្នុង​ជ្រោះ​ផង ។ ពេល​ដេក​ខ្ញុំ​បិទ​ភ្នែក​មិន​ជិត ត្រចៀក​ខ្ញុំ​ប្រុង​ស្តាប់​ជានិច្ច ។ ខ្ញុំ​រក​ពេល​សំរាក​មិនបាន ព្រោះ​ខ្ញុំ​ខ្លាច ។​ ដោយហេតុនេះ​, បានជា​ខ្ញុំ​យល់ថា ហេតុ​អាក្រក់​ទាំងអស់​ក្នុង​លោក កើត​មក​ពី​កំឡាច ។​

ខណៈនោះ​លោក​ធូតង្គ មាន​ព្រះសង្ឃ​ដីកា​ថា ៖​នឹង​ថា​ហេតុ​អាក្រក់​ទាំងអស់ កើត​ពី​ការ​ស្រក​ឃ្លាន​ក៏​មិនមែន ពី​ស្នេហា​ក៏​មិនមែន ពី​កំហឹង​ក៏​មិនមែន ពី​កំឡាច​ក៏​មិនមែន​ទៀត ។​តាមពិត​, ហេតុ​អាក្រក់​ទាំងពួង​ក្នុង​លោក បណ្តាល​មក​ពី​រូប​កាយ​យើង ព្រោះ​ដោយសារ​រូប​កាយ​នេះហើយ បានជា​យើង​ឃ្លាន ​យើង​ស្នេហា យើង​ខឹង យើង​ខ្លាច រក​ទីបំផុត​គ្មាន ៕​

ស្នេហាអក្សរសិល្បិ៍ជាតិ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s