ប្រវឹកមួយគូ

ពេលបំព្រាង​ មេឃខៀវថ្លាយង់​ដួងព្រះអាទិត្យរះប៉ប្រះជ្រលងភ្នំ​ ។​ យើងនឹកអស់ផ្លូវ នឹងពួនស្ទាក់ទាព្រៃទៀតហើយ​ ស្រាប់តែមានសត្វពីរត្រដាងស្លាបសណ្តូកក​ បណ្តែតខ្លួន ជ្រែកអាកាសពីលើយើង ។​ ខ្ញុំលើកកាំភ្លើងតំរង់​ ក្តុង! សត្វស្លាបមួយធ្លាក់មកជិតជើងខ្ញុំ ។ ខ្ញុំចាប់វាលើកឡើង ឃើញប្រវឹកមួយធាត់ស្រគុកគុក ។
ឰដ៏អាកាស សំឡេងសត្វមួយបានបន្លីឡើងឮខ្លីៗ ដដែលៗ​ ។
នេះជាសំរែកប្រវឹកមួយទៀត ដែលគ្រាប់កាំភ្លើងខ្ញុំ ពុំបានប្រល័យជីវិតវា ។ ក្នុងលំហមេឃខ្ពស់ស្រឡូង វាហើរក្រឡឹងមើលគូវាដែលខ្ញុំកាន់នៅដៃ ។ សំឡាញ់ខ្ញុំលុតជង្គង់ លើកកាំភ្លើងទល់នឹងស្មា ភ្នែកតាមមើលវា ទំរាំមកជិតនឹងលោះកៃ ។ សំឡាញ់ខ្ញុំថា៖ “ឯងច្បាស់ជាបាញ់ត្រូវមេញីហើយ បានជាអាឈ្មោលមិនព្រមទៅពីទីនេះសោះ ។
សំដីនេះដូចជាត្រូវ ព្រោះប្រវឹកនៅតែហើរ ហើយយំកណ្តោចកណ្តែងពីលើយើង ។ សំឡេងវាពោរពេញដោយទុក្ខ ដោយក្តីខ្លោចផ្សា បានញុំាងខ្ញុំឲ្យរអាក់រអួលជាខ្លាំង។
សត្វកំសត់ហើរឆ្លេឆ្លា យំហៅគូសង្សារវាឥតឈប់ ជួនវាហើរគេចពីចុងកាំភ្លើងដែលមិត្តខ្ញុំតាមតំរង់ ជួនវាហើរទៅឆ្ងាយ បីដូចជាដាច់ចិត្តនឹងត្រាច់ទៅតែឯង ។ ប៉ុន្តែដោយជាប់ចិត្តវិលវល់នឹងគូកំណាន់វា វាក៏ហើរត្រឡប់មកវិញ ។
ម្តងនេះ សំឡាញ់ខ្ញុំបង្គាប់ឲ្យខ្ញុំបោះប្រវឹកញីទៅដី ដើម្បីឲ្យវាហ៊ានមកជិត ។ ខ្ញុំធ្វើតាមបង្គាប់ ។ ប្រវឹកឈ្មោលហើរចុះមកទាប ហាក់ដូចជាគ្មានរវល់នឹងគ្រោះថ្នាក់ ។ សំឡាញ់ខ្ញុំលោះកែកាំភ្លើង ប្រវឹកទុគ៌តក៏ធ្លាក់មកដីដូចថ្មមួយដុំឮសូរទុប ។
នៅចំពោះព្រឹត្តិការណ៍ដ៏ចំឡែក ដែលខ្ញុំទើបប្រទះជាលើកដំបូងនេះ ខ្ញុំកើតសង្វេគដរាបដល់អស់ចំណង់ ក្នុងការបរបាញ់តទៅទៀត ។ ខ្ញុំក៏បបួលមិត្តខ្ញុំត្រឡប់មកភ្នំពេញវិញភ្លាម៕

គាំទ្រអក្សរសិល្បិ៍ជាតិ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s