តើរឿងភ្នំប្រុស ភ្នំស្រី របស់ចាស់ៗពិតឬក្លែងក្លាយ?

បើ​យើង​ធ្វើដំណើរ​ចេញពី​ក្រុងភ្នំពេញ​ទៅ​ខេត្ត​កំពង់ចាម តាម​ផ្លូវជាតិ​លេខ​៧ ទៅដល់​គោល​គីឡូម៉ែត្រ​ទី​១១៦​ហើយ ចោល​ភែ្ន​ក​ទៅ​ទិស​ឥសាន ដែល​នៅ​ខាងឆេ្វង​ដៃ ចំងាយ​ពី​ថ្នល់ជាតិ​ទៅ​ប្រមាណ​១​គីឡូម៉ែត្រ យើង​និង​ឃើញ​ភ្នំ​ពីរ នៅ​ទន្ទឹមគ្នា មួយ​នៅ​ខាងកើត​ខ្ពស់ មួយ​នៅ​ខាងលិច​ទាប ភ្នំ​ខ្ពស់​ឈ្មោះ​ភ្នំ​ស្រី ឯ​ភ្នំ​ទាប​ឈ្មោះ​ភ្នំ​ប្រុស​។

តើ​ហេតុអ្វី​ក៏​ភ្នំ​ប្រុស​ទាប​ជាង​ភ្នំ​ស្រី​? នេះ​ជា​រឿង​មួយ​ដែល​គួរឱ្យ​ងឿងឆ្ងល់​ពន់ពេក​ប្រមាណ​។

រឿងព្រេង​ប្រចាំ​ភ្នំ​នេះ​មាន​ដូចតទៅ ៖

កាល​ពី​ព្រេងនាយ មាន​សេ្ត​ច​ស្រី​មួយ​ព្រះអង្គ​ព្រះនាម ស្រី​អយុធ្យា សោយរាជ្យ​នៅ​នគរ​ខែ្មរ​។ ដោយ​ព្រះ​នាង​ជា​សេ្ត​ច​សោយរាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្តឹង​យក​ជា​ភរិយា​ឡើយ​។ ម្ល៉ោះហើយ​ព្រះ​នាង​រក​ដណ្តឹង​បុរស​ដ៏​មាន​រូប​ជាទី​គាប់​ព្រះទ័យ​មក​ធ្វើជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុធ្យា​ដណ្តឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ ស្រីៗ​ដែល​នៅក្រោម​ព្រះរាជ​ឱវាទ ក៏​ដណ្តឹង​ប្រុសៗ​ធ្វើ​ជា​ស្វាមី​តាម​ដែរ​។

លុះ​មកដល់​រាជ្យ​សេ្ត​ច ក្រោយៗ​ទៀត ពួក​ស្រីៗ​ជំនុំ​គ្នា​ថា ‹​ឥឡូវនេះ​ដូច​ជា​មិន​សមសោះ ខ្លួន​យើង​ជា​ស្រី​ហើយ​ដើរ​ដណ្តឹង​ប្រុសៗ ធ្វើ​ជា​ប្តី ដូ​ច្នេះយើង​នឹង​នាំគ្នា​លើកដី​ចាក់​ពូន​ជា​ភ្នំ ភ្នាល់​ជាមួយនិង​ពួក​ប្រុសៗ គឺ​ប្រុស​លើកដី​ធ្វើជា​ភ្នំ​មួយ យើង​ស្រី​ធ្វើ​ជា​ភ្នំ មួយ​ភ្នាល់​គ្នា​។ បើ​ប្រុសៗ​ចាញ់​យើង​ត្រូវ​ឲ្យ​ប្រុសៗ​ដណ្តឹង​យើង​ជា​ស្រី​វិញ​›

ថ្លែង​អំពី​ពួក​ប្រុសៗ​វិញ​ម្ដង ក្រោយ​ពី​អង្គុយ​ផឹកស្រា​ក្លែម​គឺង្គក់ ល្មម​ធ្លាក់​ភ្នែក​រួចមក ម្នាក់​ក្នុងចំណោម​នោះ​មាន​យោបល់​ថា ‹​ពួក​ឯង​ជួយ​គិត​អញ​មើល៎ ! សព្វថ្ងៃ​ពួកយើង​មាន​ការលំបាក​ខ្លាំង​ណាស់​អា​រឿង​រៀប​អាពាហ៍ពិពាហ៍​› ‹​ស្អី ! អាពាហ៍ពិពាហ៍ អា​រំបល់កាច់​អី ! និយាយថា រៀបការៗ​ទៅ !› , ម្នាក់​ក្នុងចំណោម​គ្នា​គេ​ស្រែក​ឱ្យ​។ ‹​យី ! អា​នេះ ! រក​តែ​អញ​ថ្លែង​យោបល់​ឱ្យ​ចប់​មិនទាន់ ! មក​កាត់​កណ្ដាល​ទី ! ធ្វើ​ឱ្យ​ស្ទះ​អាចមន៍​តែម្ដង !› ម្ចាស់​គំនិត​ដើម​ខឹង​។ ‹​ណ្ហើយ ! កំ​រំខាន​វា ! ឱ្យ​វា​និយាយ​ចប់​សិន​ចុះ !›, ម្នាក់​ទៀត​និយាយ​។ រួច​ម្ចាស់​គំនិត​ដើម​ក៏​បន្ត ‹​គឺ​ថា​យើង​ត្រូវ​រង់ចាំ​ស្រីៗ​គេ​ចូល បើ​ត្រូវចិត្ត​គេ​មក​ដណ្ដឹង​។ ធ្វើបែបនេះ​ស្រីៗ​មានប្រៀប​លើ​យើង​ណាស់ ! ប្រុសៗ​ណា​ដែល​ឃ្លាន​ចង់បាន​ប្រពន្ធ​បែរជា​អង្គុយចាំ​គេ​ដូច​សំណាប​រង់ចាំ​ទឹកភ្លៀង​។ ធ្វើ​បែប​នេះ​មិន​សមសោះ !› ។ រំពេច​នោះ​ក៏​មាន​អា​ក្លើ​គេ​ម្នាក់​ក្នុងចំណោម​នោះ​បញ្ចេញយោបល់ ‹​អើ ! គំនិត​បានត្រឹមតែ​គំនិត​តែប៉ុណ្ណោះ ! តើ​ពួកយើង​អាច​ធ្វើ​ស្អី​បាន ! អ្ហែង​ចង់​កែរ​ប្រែ​ទម្លាប់​ពី​ដូនតា​ឬ អា​សំគិះ​!› ។ ដោយ​ឃើញ​ថា​យប់​ជ្រៅ​ទៅហើយ ពួកគេ​ក៏​បំបែក​គ្នា​ទៅ​រក​កន្លែង​និន្ទ្រា​រៀងៗ​ខ្លួន​។ លុះ​ស្អែក​ឡើង​ស្រាប់តែ​មាន​ការប្រកាស​ពី​រឿង​ពូន​ភ្នំ ដែល​ជា​គំនិត​ស្រីៗ​។ ឮដូចនេះ ពួក​ប្រុសៗ​ត្រេកអរ​ណាស់ ហើយ​ក៏​ជំនំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​បន្ទាប់​ដោយ​មាន​ការ​ផឹកស្រា​ក្លែម​គីង្គក់​ដូច​សព្វមួយដង​។

‹​នែរ ! ឱកាស មាស ពួកយើង​មក​ដល់​ហើយ !› ម្នាក់​ក្នុងចំណោម​ក្រុម​ធ្លាក់​ភ្នែក​ស្រែក​ទាំង​ត្រេកអរ​។ រំពេច​នេះ ម្នាក់​ទៀត​មាន​យោបល់ ‹​អញ​ថា គួរ​រក្សារ​ភាព​ស្ងប់ស្ងៀម មិន​ត្រូវ​ឱ្យ​ស្រីៗ​ដឹង​ថា​ពួក​យើង​ក៏​មាន​គំនិត​ស្រប​នឹង​អ្វី​ដែល​គេ​ចង់បាន​ដែរ​។ គឺ​យើង​ត្រូវ​ធ្វើជា​ដូច​មិន​ដឹង​រឿង​អ្វី​ទាំងអស់ ធ្វើ​បែប​នេះ​កុំឱ្យ​ស្រីៗ​គេ​ចាប់​អារម្មណ៍ ពុំនោះសោត យើង​បាត់បង់​ឱកាស​នេះហើយ​។ ស្រីៗ​គេ​មិនដឹងថា​អ្នក​ចូល​ដណ្ដឹង​គឺជា​អ្នក​មាន​ប្រៀប​ទេ ! ដូច្នេះ​អញ​ហាម​ពួក​ឯង​ទាំងអស់គ្នា​ផ្ដាច់ ថា ពេល​ពូន​ភ្នំ អាណា ហ៊ាន​ធ្វើការ​ពេញកម្លាំង​គឺ​ដេញ​ក្បាល​ចេញពី​ក្រុម​ប្រុសៗ​។​›
។ លុះ​គិត​ដូចេះ្នហើយ ក៏​ព្រម​ចុះ​ខសន្យា​ជាមួយ​ស្រីៗ​ភ្នាល់​គ្នា​ដូច​ពោល​មក ហើយ​គេ​ក៏​បាន​ចាត់​មេ​កំណែន ខាង​ស្រី​មាន​មេ​កំណែន ខាង​ស្រី​ដើរ​កេណ្ឌ ខាង​ប្រុស​មាន​មេ​កំណែន ខាង​ប្រុស​ដើរ​កេណ្ឌ​។ លុះ​កេណ្ឌ​បាន​គ្នាច្រើន គ្រប់​ចំនួន​ខាង​ប្រុស​-​ខាង​ស្រី​រួចហើយ ក៏​និយាយ​និង​គ្នា​ថា ‹​យើង​ទាំងអស់​ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ ទើប​ឈប់​ទាំងអស់គ្នា​។ បើ​ផ្កាយព្រឹក​មិន​រះ​មិន​ត្រូវ​ឈប់​ទេ​។​› ។​គិត​ព្រម​គ្នា​ដូច្នេះហើយ ក៏​នាំគ្នា​ជញ្ជូន​ដី​រែក​ទូល​តាម ថាមភាព​រៀងៗ​ខ្លួន​ទៅ​។

ពេល​នោះ​ជា​ពេល​រាត្រី ពួក​ស្រីៗ​ខំ​ជញ្ជួន​ដី​ខ្លាំងណាស់​ព្រោះ​ចង់​ឈ្នះ រី​ឯ​ពួក​ប្រុសៗ​វិញ​ធ្វើការ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ឯ​អ្នក​ផ្សេង​អង្គុយ​ផឹកស្រា ផឹក​ទឹកត្នោតជូរ​ក្លែម​អំពិល​ខ្ចី អ្នក​ជញ្ជូន​ដី​វិញ​ជញ្ជូន​បាន​បន្តិច ក៏ឈប់​ហើយ​នាំគ្នា​មូរបារី​ជក់ ពេល​បែប​ហត់​បន្តិច ក៏​ទៅ​អង្គុយ​ផឹក ហើយ​ក្រុម​ផឹក​មក​ជំនួស​ម្ដង កុំ​ឱ្យ​ថា​មិន​ធ្វើ​សោះ ខ្លាច​ស្រីៗ​ដឹងថា​ខ្លួន​ចង់​ចាញ់​។

លុះ​ធ្វើបាន​យប់​ជ្រៅ​បន្តិច ពួក​ស្រីៗ​ក៏​នាំគ្នា​បង្ហូតគោម​តូច​មួយ​យ៉ាងខ្ពស់​នៅ​ជ្រុង​ឥសាន​ភ្នំ​។ ភ្លាម​នោះ​ពួក​ប្រុសៗ​ក៏​ប្រាប់​គ្នា​គេ​ថា ‹​នែរ ពួក​អា​ដែង ! ស្រីៗ​បង្ហោះគោម​ក្លែង​ធ្វើ​ជា​ផ្កាយព្រឹក​ហើយ​វ៉ើយ !› ។ ម្នាក់​ទៀត​ក៏​សើច​ហើយ​បន្ថែម ‹​យី ! ធ្វើ​មើល​តែ​ពួក​យើង​ហ្នឹង​ល្ងង់​ណាស់​អីចឹង ! បើ​អីចឹង​ទៅហើយ យើង​នាំគ្នា​ធ្វើ​ពុត​ជា​ថា​ផ្កាយព្រឹក​រះ​មែនទែនទៅ ! ហើយ​ចុះ​ពួកយើង​នៅ​ចាំ​ស្អី​ទៀត ម្ដេច​មិន​នាំគ្នា​ទៅ​ដេក​តែ​ម្ដង​ទៅ !› ។ ថា​ហើយ​ពួកគេ​នាំគ្នា​ដេក​អស់​ទៅ​។

ពួក​ស្រីៗ​ក៏​នាំគ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ មែនទែន​ទើប​ឈប់​។ ដល់​មាន់រងាវ​កឺ​ត​ប្រុសៗ​ភ្ញាក់ឡើង ឃើញ​ផ្កាយព្រឹក​រះ​ក៏​ធ្វើ​ពុត ជា​លាន់មាត់​ថា ‹​យើង​ទាំងអស់​គ្នា​ខុស​ហើយ​។ ផ្កាយព្រឹក​មែនទែន​ទើបតែ​និង​រះ​សោះ​! › ហើយ​នាំគ្នា​ក្រេឡកមើល​ទៅ​ភ្នំ​ស្រី​មាន​ទំហំ​ខ្ពស់ជាង​ភ្នំ​របស់ខ្លួន ក៏​ក្លែង ធ្វើ​ជា​មាន​សេចក្តី​អៀន អន់​ក្នុង​ចិត្ត​ដោយ​ចាញ់កល​ស្រីៗ​។ តាំង​ពី​កាល​នោះ​មក​ប្រុសៗ​ក៏​ដណ្តឹង​ស្រីៗ​ធ្វើ​ជា​ភរិយា​ដរាប​ដល់​សព្វថៃ្ងនេះ​៕

ឃើញទេ ! នេះទើបជាអាថ៌កំបាំងពិតស្ថិតនៅពីក្រោយ។ ចាស់ៗបោកសុទ្ធ !

ញុំនិយាយលេងទេ ! តិចយករឿងញុំទៅផ្សាយថាជាការពិតជាប់ខ្នោះញុំបណ្ដោយ !

ហិក ហិក ហិក !!!

7 thoughts on “តើរឿងភ្នំប្រុស ភ្នំស្រី របស់ចាស់ៗពិតឬក្លែងក្លាយ?

  1. យី! ដូចជាត្រូវមែនបង ញុំខំគិតយូរៗទៅកាន់តែត្រូវឡើងៗ! វាមិនដែលពួកប្រុសៗល្ងង់ទៅចាញ់កលស្រីរ៉េនែសបង មានតែធ្វើពុតជាចាញ់កល:D…. សូមក្តៀនយោបល់:D

    • មិនមែន ទេហី!!!
      ជួញហើយ!! ជួញហើយ!!! ជួញតា គេនាំគ្នាដាក់ហើយតា…

  2. តាម​ពិត​ប្រុស​ៗ​ឲ្យ​ស្រី​ឈ្នះ​ហ្នឹង​ណា៎ កុំ​ឲ្យ​អន់​ចិត្ត។😆

  3. ទំនងណាស់មែនទេ? ក៍ដូចជាទំនងត្រូវស្រីស្រីព្រួតគ្នាដាក់ដែរ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s