រឿងព្រេងនិទានចម្លែក

អាសម្លាញ់និងខ្ញុំចូលចិត្តអូសកាងម៉ូតូនៅមាត់ទន្លេ។ វាពូកែរណាស់នៅភ្នំពេញគឺស៊ីដាច់គេខាងអូសកាងនិងចាក់ប្រឡោះឡាន។ តែគួរឱ្យស្ដាយព្រោះឆ្នាំទៅវាងាប់ចោលខ្ញុំដោយសារភ្លាត់ស្នៀត។ រៀងរាល់ថ្ងៃ មុនចេញទៅធ្វើការ ជាទម្លាប់ខ្ញុំទៅផឹកកាហ្វេ ផ្ទះចឹកខ្មៅម៉ោង៤ព្រឹក។ ថ្ងៃនេះខ្ញុំជួបរឿងចម្លែកពីរដែលមិនគួរឱ្យជឿ។

រឿងទីមួយគឺពេលខ្ញុំទៅផឹកកាហ្វេដូចសព្វមួយដង។ ព្រឹកហ្នឹងទៅបានពាក់កណ្ដាលផ្លូវម៉ូតូរលត់ធាក់មិនឆេះ គាប់ជួនពេលនោះខ្ញុំប្រទះតាចាស់ម្នាក់យកទូរស័ព្ទមួយគ្រឿងមកលក់ឱ្យខ្ញុំពេលដែលខ្ញុំខំធាក់ម៉ូតូបែកញើស ក្លៀក។ គាត់ប្រាប់ថា ទូរស័ព្ទនេះពិសេសណាស់ វាអាចទាក់ទងទៅឋាននរកបាន។ ខ្ញុំសួរថាបើចឹងមែន ពេលអស់លុយធ្វើម៉េចតេ ចេញកើត? គាត់ថា បើកវែបសាយ ឋាននរកដតខមទៅ ហើយ ផ្ទេរលុយតាមវែបសាយហ្នឹងទៅ។ នៅលើវែបសាយហ្នឹងគេមានដាក់លេខសម្រាប់សេវាបំរើអតិថិជនហើយ ទាក់ទងគេទៅ។ រីតម្លៃខលគឺ១នាទី ២០ដុល្លា។ ដូចជាគួរឱ្យចាប់អារម្មណ៍ដែរ។ ខ្ញុំដកលុយ ១០០ដុល្លាហុចទៅតា គ្មានតថ្លៃគាត់មួយម៉ាត់ទេ ហើយយកទូរស័ព្ទដាក់ក្នុងហោប៉ៅប្លុក រួចធាក់ម៉ូតូបន្ត។ ម៉ូតូក៏ដំណើរការ ហើយខ្ញុំទៅផឹកកាហ្វេដូចទម្លាប់។

ដល់ល្ងាចចេញពីធ្វើការ មានគេហៅទៅផឹក ខ្ញុំក៏ទៅតាមគេ។ ថ្ងៃហ្នឹងដាក់ជ្រុលរហូតដាច់សសៃខួរតែម្ដង មិនដឹងថាមកដល់ផ្ទះវិញតាមផ្លូវណាផង។ ទុកម៉ូតូហើយចាក់សោរផ្ទះ ដើរចូលក្នុងបន្ទប់ មិនទាន់ទាំងផ្លាស់ខោរអាវចេញផង រួចក៏នឹកឃើញរឿងពីព្រឹក ក៏លូកដៃយកទូរស័ព្ទ ដែលតាចាស់លក់ឱ្យខ្ញុំ ចុចទៅរកអាសម្លាញ់ចាស់ខ្ញុំតិចមើល វាងាប់មួយឆ្នាំហើយមិនដឹងសុខទុកយ៉ាងណាទេ។ និយាយជាមួយអាសម្លាញ់ចាស់ជិតមួយម៉ោង ដល់ដាក់ទូរស័ព្ទចុះ ឆែកលុយស្រាប់តែអស់ ត្រឹម ១៥០០៛។ យី! អីក៏ថោកម្លេះ! តាចាស់ហ្នុងបោកខ្ញុំទេដឹង? តេ ទៅសួរខាងសេវាគេតិចសិន។ ដល់សួរគេគេប្រាប់ថា ក្នុងតំបន់ថោកចឹងហើយ។ ខ្ញុំដូចជាមិនយល់គេប្រាប់អីបន្តិចទេ។ ក្នុងតំបន់ស្អីទេ មិនយល់សោះ។ ណ្ហើយ! ខ្ជិលខ្វល់។ ខ្ញុំបោះទូរស័ព្ទចោលលើពូក ហើយទៅបើកទូរទស្សន៍មើល ព័ត៌មានទាន់ហេតុការណ៍។ ព័ត៌មានគឺដដែលៗ គ្រោះថ្នាក់ចរាចរណ៍ ពេលយប់ បង្ករដោយអ្នកបើរបរយានជំនិះផឹកគ្រឿងស្រវឹង។ តែព័ត៌មានលើកនេះធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនព្រឺត ព្រោះម៉ូតូជនរងគ្រោះដូចម៉ូតូខ្ញុំបេះបិទ ហើយជនរងគ្រោះដែលបាត់បង់ជីវិតនៅនឹងកន្លែងទៀតសោតក៏ស្លៀកពាក់ដូចខ្ញុំគ្មានខុសអីបន្តិចទេ។ ខ្ញុំស្ទុះទៅជិតទូរទស្សន៍ផ្ទៀងស្ដាប់ឈ្មោះជនរងគ្រោះ។

លោកអ្នកសាកទាយទៅមើល តើរឿងចម្លែកទីពីរដែលខ្ញុំជួបថ្ងៃនេះគឺជាស្អីដែរ? ពិតណាស់ គឺឈ្មោះជនរងគ្រោះគឺជា ឈ្មោះខ្ញុំតែម្ដង។ ពុទ្ធោ!!!! ខ្ញុំធ្លាក់តេលេ បញ្ជាទូរទស្សន៍ពីដៃ។ ភ្លាមនោះខ្ញុំឮ ស៊ីផ្លេម៉ូតូនៅខាងក្រៅផ្ទះ ខ្ញុំក៏មើលតាមកញ្ចក់បង្អួចស្រាប់តែឃើញអាសម្លាញ់ចាស់ខ្ញុំវាអង្គុយលើម៉ូតូហើយស្រេចចាំខ្ញុំនៅមាត់ថ្នល់ បក់ដៃហៅខ្ញុំ ដូចវាធ្លាប់ធ្វើដាក់ខ្ញុំកាលពីឆ្នាំមុន រាល់ពេលយើងចេញទៅអូសកាងនៅមាត់ទន្លេ។ ពេលនេះទើបខ្ញុំយល់ឆ្បាស់ថា សេវាទូរស័ព្ទថោក ដោយសារតែ ‹ក្នុងតំបន់›៕

ចប់ទៅហោង!

បោកទាំងស្រុងដោយ ទិត-សកល (ទាហានស្អែកស្លាប់)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s