កាលនៅពីក្មេងបើនិយាយពីរឿងខ្មោច គឺធ្វើឱ្យខ្ញុំខ្លាច ខ្លាចរហូតដេកមិនលក់ប្រសិនបើនៅតែម្នាក់ឯង។ កាលនៅអាយុប្រហែល ១២ ឬ ១៣ឆ្នាំ(ចាំមិនច្បាស់) ខ្ញំនៅដេកក្រោមផ្ទះ ជាមួយបងប្រុស ជារឿយៗគាត់តែងទៅធ្វើការនៅការដ្ឋានឆ្ងាយៗ ជួនកាលមួយខែទើបមកផ្ទះម្ដង។ រាល់ពេលយប់គាត់មិននៅ ជាពេលដែលខ្ញុំត្រូវដេកទាំងភាពភ័យខ្លាច បើដេកលក់ទល់ភ្លឺមិនជាបញ្ហាទេ តែភាគច្រើនគឺភ្ញាក់កណ្ដាលអាធ្រាត្រ។ សម្លេងខ្យល់បក់ធាងត្នោតនៅក្បែរផ្ទះ រ៉ាកៗ ធាងចេកងាប់ៗដែលទង្គិចគ្នាពេលមានខ្យល់ ក៏គួរឱ្យព្រឺរោមដែរ រួមទាំងគុម្ពឫស្សីកួតគ្នាប្រៀបដូចសម្លេងគេបររទះគោ ជួនពេលខ្លះខ្លែងស្រាកស្រែកក៏សម្បូរគួរសមកាលណោះ ប៉ុនហ្នឹងមិនទាន់គ្រប់គ្រាន់ទេ ជួនពេលខ្លះ ពួកហ្វូងឆ្កែតាមភូមិ វាព្រុស លូ កងរំពង ជ្រែករាត្រី គ្មានអាសូរចិត្តខ្ញុំអ្នកខ្លាចខ្មោចអីបន្តិចណាសោះ។ ពេលដែលភ្ញាក់ពីដំណេកនាកណ្ដាលរាត្រីក្នុងស្ថានភាពខាងលើ ភ្នែកខ្ញុំប្រឹងបើក ហើយសម្លឹងរកមើលទៅប្រភពសម្លេង ដូចជាគុម្ពឬស្សី ដើមត្នោត ឬដើមចេក ដែល រូបភាពទាំងនោះគ្របដោយស្បៃរាត្រី វាពុំច្បាស់លេចជារូបរាងដូចយើងឃើញពេលថ្ងៃទេ ពេលខ្លះខ្ញុំបែរជាឃើញដើមចេក ប្រៀបដូចជាមនុស្សដែលកំពុងឈរ ហើយសម្លឹងមករកខ្ញុំដោយមិនដាក់ភ្នែក ធ្វើឱ្យខ្ញុំខ្លាច ខ្លាចរហូតស្ទើរភ្លេចដកដង្ហើម…។
ទោះបីជានៅឆ្នាំ ២០០១ ខ្ញុំផ្លាស់មករស់នៅទីក្រុងដើម្បីបន្តការសិក្សារ ក៏រឿងខ្លាចខ្មោចវានៅតែមិនទាន់បាត់ទៅណាឆ្ងាយពីខ្ញុំដែរ ពិសេសពេលគ្មាននរណានៅផ្ទះពេលយប់ ខ្ញុំនៅក្នុងផ្ទះតែម្នាក់ឯង ខ្លាចសូម្បីតែបង្គោលព្យួរខោអាវ។
រហូតដល់វ័យជាង ៣០ ទើបខ្ញុំចាប់ផ្ដើមមានជំនឿថា រឿងខ្មោចអាចជារឿងមិនពិតច្រើនជាង។ ខ្ញុំហ៊ានអះអាងបែបនេះ ដោយសំអាងលើការសួរអ្នកដែលគេធ្លាប់ជួប អ្វីដែលខ្ញុំសួរពួកគាត់ ជាចម្លើយគឺភាពមិនច្បាស់លាស់ ពេលខ្លះខ្ញុំជឿថាអាចប្រឌិតបន្ថែមដើម្បីឱ្យរឿងពួកគាត់កាន់តែពិត។ រីឯការសន្និដ្ឋានផ្អែកលើការសង្កេត ខ្ញុំយល់ថា៖
មនុស្សយើងមានញ្ញាណ៥ បើកាលណាសុខភាពយើងមិនល្អ ពិសេសពេលដែលមនុស្សមានបញ្ញាផ្លូវចិត្តឬខួរក្បាល នោះញ្ញាណទាំង៥វានឹងដំណើរការខុសប្រក្រតី ដូចជា ភ្នែកវានឹងឱ្យរូបភាពខុសពីរូបភាពពិត ត្រចៀកនឹងនឹងផ្ដល់ជាសម្លេងដល់យើងខណះពេលដែលគ្មានសម្លេងអ្វីទាល់តែសោះ រីឯច្រមុះបែរជាប្រាប់យើងថាមានក្លិននេះក្លិននោះ ខណះដែលគ្មានសោះ ឬយើងមានអារម្មណ៍ថាត្រជាក់ខុសប្រក្រតី ខណះដែលធាតុអាកាសធម្មតាគ្មានអ្វីប្រែប្រួល។ល។
និយាយដល់ត្រង់នេះប្រិយមិត្តអ្នកអានប្រាកដជាចោទសួរខ្ញុំវិញថា បើគ្រាន់បើមិនជឿថាមានខ្មោច ហេតុដូចម្ដេចក៏ខ្លាច? តើហ៊ានដើរកាត់ព្រៃខ្មោចកណ្ដាលអាធ្រាត្រតែម្នាក់ឯងឬទេ បើគ្រាន់បើថាមិនខ្លាចនោះ? ចម្លើយរបស់ខ្ញុំគឺខ្ញុំនៅតែ”ខ្លាច” ត្បិតភាពភ័យខ្លាចគឺវាបានឋិតនៅជាប់នឹងយើងតាំងពីយើងចាប់កំណើតមកម្លេះ យើងមិនដឹងថាយើងខ្លាចអ្វីទេ តែយើងខ្លាច អាចជារួបបារម្មណ៍ដែលប្រឌិតចេញពីការគិតរបស់យើង។ ជាឧទាហរណ៍ ប្រសិនបើយើងយកក្មេងតូចម្នាក់ដែលមិនទាន់ចេះនិយាយ ដាក់នៅក្នុងបន្ទប់ស្ងាត់ឬងងឹតតែម្នាក់ឯងនោះវានឹងស្រែកយំ ត្បិតវា “ខ្លាច“។ តើមាននរណាម្នាក់ធ្លាប់និយាយប្រាប់ពីរឿងខ្មោចបន្លាចវាដែឬទេ? គ្មានទេព្រោះវាមិនទាន់ទាំចេះនិយាយឬចេះស្ដាប់យើងផង។
ដូច្នេះការសន្និដ្ឋានរបស់ខ្ញុំរឿងខ្មោចអាចជារឿងមិនពិត រីឯការភ័យខ្លាចគឺវានៅជាប់នឹងខ្លួនយើងតាំងពីយើងចាប់កំណើតមកម្លេះ៕
—–
ខ្ញុំនឹងតាមដានរឿងនេះតទៅទៀត ការសន្និដ្ឋានរបស់ខ្ញុំអាចមានការប្រែប្រួលទៅថ្ងៃមុខផ្អែកលើសម្មតិកម្មផ្សេងៗនឹងថ្មីៗ